កោះមួយ នៅខេត្តស្ទឹងត្រែង មានឆ្នេរបោះតង់ ទេសភាពប្រៀបបានឋានសួគ៌ក្រោមមេឃ
សហគមន៍អេកូទេសចរណ៍ កោះហាន គឺជាគោលដៅទេសចរណ៍ ដ៏សំខាន់មួយ ឬ គេអាចហៅថា ជាឋានសួគ៌ របស់ភ្ញៀវទេសចរ ដោយសារនៅទីនោះគឺជាដែនកោះ ដែលមានទេសភាពស្រស់ស្អាត អមដោយជីវចម្រុះ គួរឱ្យចាប់អារម្មណ៍បំផុត ។
មិនត្រឹមតែប៉ុណ្ណោះ កោះតាឃូន ដែលជាផ្នែកមួយនៃ កោះហាន នាទឹកដី ភូមិអូស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក៏ជាតំបន់ទេសចរណ៍មួយដែលមានភាពទាក់ទាញ ខ្លាំងក្លាផងដែរ ដោយសារនៅទីនោះ មានទីកន្លែងសម្រាប់ដើរលេងលំហែកាយតាមវាលខ្សាច់ ជិះទូកកាយ៉ាក់តាមដងទន្លេនៅជាប់ផ្ទៃកោះ គយគន់សម្រស់ ទេសភាពតាមដងទន្លេ ទស្សនាសត្វស្លាប និង ព្រៃឈើ ទស្សនាព្រះសុរិយាអស្តង្គត និង បោះតង់អាំងភ្លើង នៅលើឆ្នេរពេលរាត្រីជាដើម ។
ក្នុងនោះដែរ បើមើលទិដ្ឋភាពកោះពីខាងលើវិញ យើងនឹងឃើញ ផ្ទៃកោះពោរពេញទៅដោយ ឆ្នេរខ្សាច់សរថ្លាមិនចាញ់ផ្ទៃឆ្នេរសមុទ្រ អមជាមួយដើមឈើខ្ពស់ទាបពណ៌បៃតងស្រស់ ដុះដេដាសពេញផ្ទៃកោះ ផ្ដល់ម្លប់ទៅដល់អ្នកទៅកំសាន្ត និងបោះតង់សម្រាកនៅទីនោះ ឱ្យត្រជាក់ចិត្ត ភ្លេចអស់នូវរាល់ទុក្ខកង្វល់ ។
លើសពីនេះទៅទៀត នៅទីនោះ សាកសមបំផុតសម្រាប់ ភ្ញៀវទេសចរណ៍ដែលស្រឡាញ់ និងចូលចិត្តការកំសាន្តតាមបែបធម្មជាតិ ព្រោះថារាល់វិនាទីដែលបានចុះពីលើទូកឈានជើងលើវាលខ្សាច់ លឺសម្លេងសត្វយំ លាយឡំសម្លេងរលកទឹក អ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយ បែបធម្មជាតិពិតៗតែម្ដង ដែលធានាថាបានទៅហើយ ណាយចិត្តមិនចង់ត្រឡប់មកគេហដ្ឋានវិញឡើយ ។
ដូច្នេះប្រសិនបើ ប្រិយមិត្ត ឬ ភ្ញៀវទេសចរ បានធ្វើដំណើរ ទៅដល់ខេត្តស្ទឹងត្រែងហើយនោះ ក៏គួរតែចំណាយពេលវេលាខ្លះ ដើម្បីទៅសម្រាកលំហែកាយ ឬ ក៏បោះតង់មួយយប់ នៅកោះតាឃូន នោះពិតជាធ្វើឱ្យលោកអ្នក ប្លែកភ្នែក ប្លែកអារម្មណ៍ ជាមួយ ទេសភាពដ៏ស្រស់បំព្រងនៃព្រៃព្រឹក្សា នឹងបានសោយសុខនៅលើឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ក្នុងដែនដីកោះ នាខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជាយើង ៕
រូបភាពដោយ ៖ Cambodia Capture