តស់ទៅឱ្យបានមុនគេ! ផ្ទះស្នាក់ឃុនរាម នៅសៀមរាប មានផ្ការីកចម្រុះ បើកឱ្យចូលកម្សាន្តហើយ
ស្ថិតនៅ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ផ្ទះស្នាក់ឃុនរាម ពេលនេះបានបើកដំណើរការឱ្យចូលថតរូបលេងកម្សាន្តហើយ ដោយនៅទីនោះ មានសួនផ្កា ចម្រុះពណ៌ ចម្រុះក្លិន ជាច្រើនប្រភេទ ដុះជាប់នៅកៀកជើងភ្នំ ដែលរំលេចនូវទេសភាពស្រស់ត្រកាល ប្រៀបដូចជាផ្ទាំងគំនូរ គួរឱ្យចង់ទៅទស្សនា ។
មិនតែប៉ុណ្ណោះ នៅទីនោះជាផ្នែកមួយដែលទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកទស្សនាកម្សាន្តខេត្តសៀមរាប ជាពិសេសស្រុកបន្ទាយស្រី ដោយសារផ្ទះស្នាក់ឃុនរាម មានសួនផ្កាស្រស់ស្អាត ប្រកបទៅដោយ ការច្នៃប្រឌិតខ្ពស់ និង ប្រកបទៅដោយបរិយាកាសបែបធម្មជាតិ ដោយមានខ្យល់បក់រេរាំនាំក្លិនផ្កាជ្រាបចូលខ្យល់ដង្ហើមអ្នកទៅទស្សនា ឱ្យមានអារម្មណ៍ស្រស់ស្រាយ ធូរស្បើយពីទុក្ខកង្វល់ផ្សេងៗ ។
លើសពីនេះទៅទៀត បើបានណាត់គ្នាជាក្រុម ស្លៀកពាក់ចម្រុះពណ៌ ហើយធ្វើដំណើរទៅថតរូបលេងកម្សាន្តនៅទីនោះ ធានាថាស្រស់ស្អាត ប្លែកភ្នែកមិនចាញ់ស្រុកគេប៉ុន្មាននោះទេ ព្រោះទីនោះស្ថិតនៅជាប់ជើងភ្នំ ហើយនៅតាមសួនផ្កា មានប្លង់ថតរូបច្នៃប្រឌិតស្អាតៗជាច្រើន ។ ដូច្នេះហើយនៅចាំអីទៀត? រួសរាន់ទៅកម្សាន្តឱ្យបានមុនគេ ទាន់ពេលដែលផ្ទះស្នាក់ ឃុនរាម បើកដំណើរការឱ្យចូលថតរូបបាន ៕
រូបភាពដោយ ៖ ទេសចរណ៍-Tourism