ចង់តែគក់ទ្រូងឱ្យឌឹបៗទេ ទៅកំពង់សោមឱ្យរាល់តែលើក មិនដឹងកន្លែងនេះស្អាតហួសថ្លែង
កោះតាគាវ ប្រៀបដូចសម្រស់ក្រមុំព្រហ្មចារីដ៏ផូរផង់ កំពុងលាក់ខ្លួនយ៉ាងស្ងប់ស្ងាត់ ស្អាតហួសថ្លែងដូចឋានសួគានាកណ្ដាលទ្វីបលោកា ប៉ុន្តែបែរជារំលងពីក្រសែភ្នែកអ្នកទេសចរទៅវិញ ។ ដូចជាពាក្យគេថា អ្នកមានបុណ្យច្រើននិស្ស័យអូសដៃទៅស្គាល់អ្វីល្អៗ ដូចជាអ្នកទេសចរបានទៅដល់កន្លែងនេះ គឺប្រៀបបានទៅដល់ឋានសួគាលី ហើយគិតថាខ្លួនពិតជាមានបុណ្យខ្លាំងណាស់ដែលបានទៅដល់ទីនោះ ។
កោះតាគាវជាកោះតូចមួយ លាក់ខ្លួននៅឯខេត្តព្រះសីហនុ ប៉ុន្តែនៅមិនឆ្ងាយប៉ុន្មានឡើយ យើងអាចធ្វើដំណើរទៅដល់ទីនោះតាមអូប័រ ដោយចំណាយពេលប្រមាណតែ ២០ នាទីប៉ុណ្ណោះពីដីគោក ។ នៅទីនោះ មានសភាពស្ងប់ស្ងាត់ល្អណាស់ ស័ក្ដិសមបំផុតសម្រាប់អ្នកដែលចង់បំបាត់ភាពស្មុគស្មាញ ចង់ធ្វើសមាធិឱ្យចិត្តស្ងប់ ស្រូបវីតាមីន Sea អង្គុយមើលថ្ងៃរះ និងថ្ងៃលិចដ៏ស្រស់ស្អាតបំផុតនៅលើផែនដីនេះ ។
កោះតាគាវ មានទីតាំងក្បែរមូលដ្ឋានកងទ័ព ក្រុងព្រះសីហនុ ហើយនៅទីនោះ មានសេវាទូរស័ព្ទ និងមានអ៊ីនធើណេត អាចប្រើប្រាស់បានទៀតផង ។ នៅទីនោះមានបឹងហ្គាឡូសម្រាប់ស្នាក់នៅ មានលក់អាហារតម្លៃសមរម្យ ហើយបើយើងមានតង់ខ្លួនឯង អាចបោះបានក្នុង ១ យប់ត្រឹមតែ ៣ ដុល្លារ សម្រាប់ការចំណាយលើទឹកសាបសម្រាប់ងូត ថ្លៃបន្ទប់ទឹកជាដើម ៕
សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងទៅកាន់អ្នកគ្រប់គ្រងកោះបាន ០១៥ ៧៤ ៤៧ ៧៧
រូបភាព៖ Sren Lee & Bong Samlanh