មកស្គាល់ចម្ការផ្កាទាំង ៦ កន្លែងនៅកម្ពុជា ស្រស់ស្អាតបំផុត មិនចាញ់ស្រុកគេ
កម្ពុជា ជាប្រទេសដែលសម្បូរទៅដោយកន្លែងកម្សាន្តច្រើន មានដូចជា តំបន់សមុទ្រ តំបន់ភ្នំ និង កន្លែងទេសចរណ៍ក្នុងតំបន់ មានសួនផ្កាជាច្រើនទៀត ។ ថ្ងៃនេះដែរ សម្រាប់ប្រិយមិត្តដែលស្រឡាញ់ផ្កា «ប្រជាប្រិយ» នឹងនាំឱ្យប្រិយមិត្តទៅស្គាល់ចម្ការផ្កា ៦ កន្លែងដែលស្រស់ស្អាត ផូផង់មិនចាញ់បរទេសប៉ុន្មានឡើយ ធានាថាបានទៅហើយ ច្បាស់ជាដកចិត្តមិនរួច ដែលចម្ការផ្កាទាំងនោះមានដូចជា ៖
១. សួនផ្កា និង ឡូរី ជិតទឹកឆា
បើវិលកង់ពីរាជធានីភ្នំពេញ ប្រមាណជា ១០០ គីឡូ តាមផ្លូវជាតិ ៦អា បត់ត្រង់ព្រៃទទឹង ត្រង់រង្វង់មូលតូចមួយមានផ្លូវបត់ស្តាំដៃទៅត្រង់ ប្រិយមិត្តនឹងទៅដល់ សួនផ្កា និង ឡូរី ជិតក្បាលទឹក ដែលនៅទីនោះ មានសួនផ្ការយ៉ាងស្រស់ស្អាត អាចឱ្យយើងដើរគយគន់កម្សាន្ត ឬអាចជិះឡូរីកម្សាន្តបានដូចគ្នា ដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធលាយឡំក្លិនផ្កា និង គយគន់ត្រីចិញ្ចឹមរាប់ម៉ឺនក្បាល ដែលគេចិញ្ចឹមនៅក្រោមកញ្ចុះទទួលទានអាហារ ។
២. ចម្ការផ្កាស្រស់ របស់ហាងផ្កា និង ហាងនំខេក (ឡាអេសេវិន)
ចម្ការនេះ នឹងបើកទទួលភ្ញៀវទេសចរ ថតរូបលេងកម្សាន្ត នៅចុងខែធ្នូនេះហើយ សម្រាប់បម្រើអារម្មណ៍ប្រិយមិត្តដែលចង់ថត រូប pre wedding និង អ្នកស្រឡាញ់ផ្កាជាដើម ។ គួរបញ្ជាក់ផងដែរថា ចម្ការនេះ មានចំងាយ ៥០០ ម៉ែត្រ ពីរង្វង់មូលដៃប្រាំបី ទៅខាងជើង ជិតផ្សារពោធិវង្ស ខេត្តបាត់ដំបង ។
៣. ចម្ការផ្កាស្បៃរឿងជើងភ្នំសំពៅ
ស្ថិតនៅជាប់ជើងភ្នំសំពៅ នាស្រុកបាណន់ ខេត្តបាត់ដំបង នៅក្នុង សរទៈរដូវនេះ ឃើញថា ផ្កាចម្រុះច្រើនពណ៌ កំពុងរីកយ៉ាងរហង់ រង់ចាំអ្នកទេសចរ ទៅនែបនិត្យ ថតរូបជាមួយ នៅឯចំការស្បៃរឿងជើងភ្នំសំពៅ ។ នៅទីនោះ ផ្កាស្បៃរឿងរាប់ពាន់ដើម កំពុងរីកស្គុះស្គាយ បូកផ្សំនឹង ទេសភាពនៅក្បែរជើងភ្នំសំពៅ បង្កើតបានជាទស្សនីយភាពធម្មជាតិដ៏អស្ចារ្យ ដែលកំពុងដុតអារម្មណ៍ប្រិយមិត្ត ឱ្យចង់ទៅទស្សនា ថតរូបកម្សាន្តអារម្មណ៍ និង លម្ហែស្រូបយកខ្យល់អាកាសធម្មជាតិ លាយជាមួយក្លិនផ្កា ដើម្បីបំភ្លេចទុក្ខសោកទាំងឡាយនៃជីវិត ។
៤. ចម្កាផ្កាលឿងនៅកំពង់ស្ពឺ
ស្ថិតនៅតាមផ្លូវទៅទឹកជ្រោះជ្រាវ ក្នុងភូមិអូរដា ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្ត ចម្កាផ្កាលឿង ដែលអ្នកស្រុកហៅថាផ្កាចង្ក្រងផ្កា បានក្លាយជាទីតាំងដ៏ពេញនិយមបំផុតទាក់ទាញទេសចររាប់ពាន់នាក់ឱ្យទៅទស្សនាកម្សាន្ត ដោយសារ រដូវវារីក ផ្កាលឿងបញ្ចេញសម្រស់យ៉ាងស្រស់ស្អាតលាតសន្ធឹងជាប់ជើងភ្នំ ពិតជាស្អាតរកអ្វីប្រៀបប្រដូចមិនបាន ។
៥. ចម្ការផ្កាឈូករ័ត្ន និង ស្បៃរឿងនៅខេត្តត្បូងឃ្មុំ
ចម្ការផ្ដាដ៏ល្វឹងល្វើយនេះ បានក្លាយជាទីកន្លែងដ៏ទាក់ទាញបំផុតសម្រាប់យុវវ័យ និងភ្ញៀវទេសចរទូទៅឱ្យទៅថតរូបលេងកម្សាន្ត និងគយគន់សម្រស់ផ្កា ចោលក្លិនក្រអូបភាយធ្វើឱ្យរំសាយអស់នូវរាល់ទុកកង្វល់ ។ ដោយសារការដាំយ៉ាងមានរបៀបរៀបរយ បានរំលេចឱ្យចេញជាទេសភាពដូចក្នុងរូបគំនូរ ធ្វើឱ្យយុវជនប្រុសស្រី ក្មេងចាស់ នាំគ្នាទៅទស្សនាភ្លូកទឹកភ្លូកដី ។ ដើម្បីអាចទៅដល់ទីនោះ ប្រិយមិត្តត្រូវធ្វើដំណើរចុះពីស្ពានគីហ្សូណាត្រើយខាងកើតតាមផ្លូវបេតុងចម្ងាយ៦គីឡូម៉ែត្រ ជិតដល់វត្តជីរោទ៍បត់ស្ដាំដៃបន្តិច នឹងទៅដល់ទីនោះហើយ ។
៦. ចម្កាផ្កាពណ៌ស៊ីជម្ពូរដ៏ស្រស់បំព្រងនៅស្រុកបន្ទាយស្រី
ប្រសិនបើប្រិយមិត្តបានធ្វើដំណើរកម្សាន្តទៅកាន់ស្រុកបន្ទាយស្រី ខេត្តសៀមរាប កុំភ្លេចចូលថតរូបនៅចម្កាផ្កា នៅឃុំឃុនរាម ពិតជាស្រស់ស្អាតក្រៃលែង ។ អ្វីដែលអំណោយផលនាំឱ្យទីនោះ រំលេចទេសភាពកាន់តែស្រស់ត្រកាលប្រៀបដូចជាផ្ទាំងគំនូរនោះ គឺហ៊ុមព័ទ្ធដោយព្រៃភ្នំបង្កើនសម្រស់ឱ្យកាន់តែទាក់ទាញថែមទៀត ។ សួនផ្កាថ្មីនេះស្ថិតនៅក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយធ្វើដំណើរហួស រមណីយដ្ឋានក្បាលស្ពាន បន្តិចហើយមានដីឡូតិ៍មួយកន្លែងខាងឆ្វេងដៃ ដល់ហើយ ៕