ចង់ឆ្លងឆ្នាំបែបស្ងាត់ៗ មានក្ដីសុខតិចៗ ជាមួយCrush ទៅ ៥កន្លែងនេះទៅ ធានាមិនខកជើង
នៅសល់តែមិនប៉ុន្មានថ្ងៃទៀតទេ ដល់ថ្ងៃឆ្លងឆ្នាំហើយ ប្រិយមិត្តមានបានស្វែងរកកន្លែងសម្រាប់លម្ហែ បែបស្ងាត់ៗ ជាមួយមនុស្សជាទីស្រលាញ់ហើយឬនៅ ? បើមិនទាន់មានទេក៏កុំបារម្ភ ព្រោះថ្ងៃនេះ «ប្រជាប្រិយ» នឹងដឹកដៃប្រិយមិត្ត ទៅស្គាល់ ៥កន្លែងសម្រាប់ឆ្លងឆ្នាំជាមួយCrush ដែលមានដូចជា ៖
១. Tube Resort
ស្ថិតនៅតំបន់ កោះរ៉ុងសន្លឹម ក្នុងក្រុងកំពង់សោម Tube Resort ជារីសតលម្ហែកាយបែបស្ងប់ស្ងាត់មានខ្យល់ត្រជាក់បរិសុទ្ធ ទេសភាពស្រស់ស្អាត មានឆ្នេរខ្សាច់សរស្អាត មានអាងហែលទឹក អំណោយផលសម្រាប់គូរស្នេហ៍ ទៅមើលថ្ងៃរាបលិចបានច្បាស់ ឯនៅពេលយប់ឆ្លងឆ្នាំ អាចអង្គុយស្តាប់សម្លេងរលក ស្រូបយកខ្យល់បរិសុទ្ធរាប់ម៉ោងថយក្រោយជាមួយគូរស្នេហ៍យ៉ាងមានក្ដីសុខ។
២. Mount View Resorts
ស្ថិតនៅក្នុងទឹកដីសែនមនោរម្យ នៃខេត្តមណ្ឌលគិរី Mount View Resort ជាកន្លែងសម្រាក និងលម្ហែដ៏សាកសមសម្រាប់គូរស្នេហ៍ទៅសម្រាកនៅពេលឆ្លងឆ្នាំ ដោយទីនោះមានសភាពស្ងប់ស្ងាត់ល្អ ជាទីកន្លែងអំណោយផលធម្មជាតិស្រស់បំព្រង និងមានខ្យល់អាកាសបរិសុទ្ធ មិនតែប៉ុណ្ណោះនៅពេលរាត្រី មានពន្លឺភ្លើងរឹមៗ អាចបំភ្លឺឱ្យគូរស្នេហ៍និយាយរឿងក្នុងចិត្ត និង រាប់ពេលវេលាថយក្រោយជាមួយគ្នាយ៉ាងមានក្ដីសុខ ។
៣. Rivers Floating Lodge
Rivers Floating Lodge មានទីតាំងស្ថិតនៅតាមបណ្ដោយទន្លេតាតៃ នៃខេត្តកោះកុង ដែលមានវីឡាតង់នៅលើផ្ទៃខ្សាច់ និងវីឡាតង់អណ្ដែតស្កឹមស្កៃលើផ្ទៃទឹក ហើយភ្ញៀវទេសចរអាចជិះទូក ឬ កាយ៉ាកលេងតាមមាត់ទឹក ដែលអំណោយផលដល់គូរស្នេហ៍ដែលចង់ទៅលំហែរបែបស្ងប់ស្ងាត់ បូកផ្សំជាមួយទេសភាពធម្មជាតិពណ៌បៃតងកំពុងទទួលពន្លឺពីព្រះអាទិត្យ ជាបណ្ដុំនៃប្លង់ថតរូបសម្រាប់អ្នកទៅកម្សាន្តលេងឆ្លងឆ្នាំ ក៏ដូចជាស្នាក់អាស្រ័យនៅទីនោះ ។
៤. NanaSky Kampot Residence
ស្ថិតនៅក្នុងខេត្តកំពត ជាប់ព្រែកកំពត NanaSky Kampot Residence ជាកន្លែងស្នាក់នៅដែលមានផាសុកភាព ស្រស់ស្រាយបែបធម្មជាតិ ដោយមាន បឹងហ្គាឡូបែបផ្ទះឬស្សី នៅលើវាលស្មៅពណ៌បៃតងស្រស់ ។ មិនត្រឹមតែប៉ុណ្ណោះ នៅទីនោះមាន ទីធ្លាមាត់ឆ្នេរ ធំទូលាយ អាចឱ្យប្រិយមិត្ត ជួបជុំគ្រួសារ ក៏ដូចជាគូរស្នេហ៍ អាំងសាច់អង្គុយមើលថ្ងៃរៀបលិច ពីជើងភ្នំបូកគោ ព្រមទាំង ទស្សនាទូកនេសាទ ក្រោមជំនោរខ្យល់ត្រជាក់ពីជើងភ្នំ ឱ្យរំសាយទុក្ខសោកចេញពីប្រាណ និងអុជកាំជ្រួចលេងជាលក្ខណៈគូរស្នេហ៍នៅថ្ងៃឆ្លងឆ្នាំ ។ គួរបញ្ជាក់ផងដែរថា NanaSky Kampot Residence មាន ទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវមាត់ព្រែកកំពតឆ្ពោះទៅកាន់សមុទ្រ (ផ្លូវទៅស្រែអំបិល) ដែលមានចំងាយ ប្រហែល ២ គីឡូម៉ែត្រពីស្ពានឥន្ទនូ នៃខេត្តកំពត ។
៥. ផ្ទះលំហែមានលាភ-កោះស្ដេច
ទីនេះមានខ្យល់អាកាសល្អបរិសុទ្ធ នៅជិតកោះដែលមានឆ្នេរដើមដូង មានកន្លែងជិះទូកស្ទូចត្រីលើផ្ទៃសមុទ្រដែលចាំងឆ្លុះដូចផ្ទាំងកញ្ចក់ ។ មិនតែប៉ុណ្ណោះផ្ទះលម្ហែកាយធម្មជាតិមួយនេះមានបម្រើជូនសេវាកម្មពុំឱ្យទាស់ចិត្ត ដោយមានចង្ក្រានសម្រាប់អាំងសាច់ មានភេសជ្ជៈ និងម្ហូបអាហារគ្រប់ប្រភេទ មានចានឆ្នាំងសម្រាប់ឱ្យខ្ចី និងមានកន្លែងសម្រាប់ធ្វើម្ហូបដោយឥតគិតថ្លៃ ។ អ្វីដែលកាន់តែពិសេសទៀតនោះ ទីនេះមានជាងដប់បន្ទប់សម្រាប់បម្រើឱ្យភ្ញៀវទេសចរក្នុងការស្នាក់អាស្រ័យ ហើយសម្រាប់ការស្នាក់នៅចំណាយត្រឹមតែ ៣០ដុល្លាប៉ុណ្ណោះអាចគេងបាន ២ នាក់ ក្នុងមួយយប់ ដែលតម្លៃនេះជាតម្លៃថេរ មិនថាប្រិយមិត្តទៅកម្សាន្តស្នាក់អាស្រ័យនៅថ្ងៃបុណ្យទាន ឬថ្ងៃធម្មតាឡើយ ៕