ផ្កាចម្រុះពណ៌ស្រស់ស្អាតបំផុត កំពុងរីកយ៉ាងស្គុះស្គាយ នៅជើងភ្នំសំពៅ ខេត្តបាត់ដំបង
ក្នុងឱកាសឈប់សម្រាកនេះ បើមិនទាន់បានទៅណាទេ ប្រិយមិត្ត សាកងាកមកចាប់អារម្មណ៍ ទេសភាពបែបធម្មជាតិ ស្ថិតនៅក្នុងខេត្តបាត់ដំបងម្ដងមើល៎ ដោយសារបច្ចុប្បន្ននេះគេកំពុងពេញនិយមទៅលេង និងថតរូបស្អាតៗ គួរឱ្យទាក់ទាញ។
ស្ថិតនៅជាប់ជើងភ្នំសំពៅ នាស្រុកបាណន់ ខេត្តបាត់ដំបង នៅក្នុង សរទៈរដូវនេះ ឃើញថា ផ្កាចម្រុះច្រើនពណ៌ កំពុងរីកយ៉ាងរហង់ រង់ចាំអ្នកទេសចរ ទៅនែបនិត្យ ថតរូបជាមួយ នៅឯចំការស្បៃរឿងជើងភ្នំសំពៅ ។ នៅទីនោះ ផ្កាស្បៃរឿងរាប់ពាន់ដើម កំពុងរីកស្គុះស្គាយ បូកផ្សំនឹង ទេសភាពនៅក្បែរជើងភ្នំសំពៅ បង្កើតបានជាទស្សនីយភាពធម្មជាតិដ៏អស្ចារ្យ ដែលកំពុងដុតអារម្មណ៍ប្រិយមិត្ត ឱ្យចង់ទៅទស្សនា ថតរូបកម្សាន្តអារម្មណ៍ និង លម្ហែស្រូបយកខ្យល់អាកាសធម្មជាតិ លាយជាមួយក្លិនផ្កា ដើម្បីបំភ្លេចទុក្ខសោកទាំងឡាយនៃជីវិត ។
ដូច្នេះហើយបើសិនជា ប្រិយមិត្តមានពេលវេលា កុំភ្លេចណាត់គ្រួសារ មិត្តភក្តិ និងមនុស្សសំខាន់ទៅមើលផ្កា និងលម្ហែអារម្មណ៍ ជាមួយទេសភាពដ៏ស្រស់ត្រកាលនៅទីនោះផង ៕
ប្រភពរូបភាព ៖ ចំការផ្កាស្បៃរឿងជើងភ្នំសំពៅ