សាំចិត្តណាស់! មើលមួយភ្លែតស្មានតែស្រុកគេ តាមពិតនៅខ្មែរយើងសោះ
ណូអែល គឺជាបុណ្យទិវាប្រសូត្ររបស់ព្រះយេស៊ូគ្រិស្ត ដែលគ្រិស្តសាសនិកជន ទូទាំងពិភពលោកតែងតែប្រារព្ធពិធីបុណ្យនេះជារៀងរាល់ឆ្នាំ នៅថ្ងៃទី ២៥ ខែធ្នូ ។ ដូច្នេះហើយទើបរៀងរាល់កំឡុងថ្ងៃ ២៥ ឬក៏ក្នុងកំឡុងខែធ្នូ យើងតែងឃើញមានការរៀបចំគ្រប់ទីកន្លែងជារបៀបបុណ្យនេះ ដោយមានការតុបតែង ជាកាដូរ ដើមគ្រិស្តម៉ាក់ កណ្ដឹងចរណៃ តុកត្តាទឹកកក និង ការតុបតែងខ្លួនជាសាន់តាក្លស់ នៅតាមដងផ្លូវ ជាដើម ។
ដោយឡែក ថ្មីៗនេះកំពុងផ្ទុះការចាប់អារម្មណ៍នូវការតុបតែងបរិវេណសួនច្បារ បែបបុណ្យណូអែល នៅទីតាំងមុខណាហ្គាវើល ក្បែរស្ពានកោះពេជ្រ ដែលជះពន្លឺនៅពេលរាត្រីស្រស់ស្អាតមិនចាញ់ស្រុកគេ ទាក់ចិត្តមិត្តៗយុវវ័យ ឱ្យចង់ទៅលេង និង ថតរូបកម្សាន្ត បែបគូរស្នេហ៍ក៏បាន បែបអត់លិឍក៏បាន ។ មិនតែប៉ុណ្ណោះ បើនិយាយពីភ្លើងវិញ គឺថាចម្រុះគ្រប់ពណ៌តែម្ដង ដេដាសពេញផ្ទៃសួន ហើយអ្វីដែលសំខាន់ បើប្រិយមិត្តស្លៀកពាក់បែបអឺរ៉ុបតែបន្តិច ហើយទៅថតរូបលេងនៅទីនោះ ធានាថាដូចនៅអឺរ៉ុបពិតៗតែម្ដង ដោយសារការរៀបចំមើលទៅស្រស់ស្អាតមិនចាញ់ស្រុកអឺរ៉ុប ។ ដូច្នេះហើយនៅចាំអីទៀត បើបានជិះកាត់ កុំភ្លេចបត់ចង្កូតចូលលេង ហើយថតរូបខំមិនឱ្យ «ប្រជាប្រិយ» បានឃើញផង ៕
រូបភាពដោយ ៖ Jackson Lim