តំបន់លម្ហែ ៤ កន្លែងនៅកោះកុង ស្រស់ស្អាតបំផុតមិនចាញ់ស្រុកគេ
កោះកុង ជាខេត្តមួយ ដែលមានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប អមទៅដោយ ទស្សនីយភាពធម្មជាតិ ដែលជាទីកម្សាន្តសម្រាប់ភ្ញៀវទេសចរទាំងក្នុងស្រុក និង ក្រៅស្រុកមកទស្សនា ក៏ដូចជាស្នាក់នៅលម្ហែអារម្មណ៍បំបាត់ទុក្ខកង្វល់។
ថ្ងៃនេះផងដែរ « ប្រជាប្រិយ » នឹងដឹកដៃប្រិយមិត្តទៅស្គាល់កន្លែងស្នាក់នៅ ៤ កន្លែង ដែលមានទេសភាពស្រស់ស្អាតមិនចាញ់បរទេស ស្ថិតនៅក្នុងខេត្ត កោះកុង ។
១. Rivers Floating Lodge
Rivers Floating Lodge មានទីតាំងស្ថិតនៅតាមបណ្ដោយទន្លេតាតៃ ដែលមានវីឡាតង់នៅលើផ្ទៃខ្សាច់ និងវីឡាតង់អណ្ដែតស្កឹមស្កៃលើផ្ទៃទឹក ហើយភ្ញៀវទេសចរអាចជិះទូក ឬ កាយ៉ាកលេងតាមមាត់ទឹក បូកផ្សំជាមួយទេសភាពធម្មជាតិពណ៌បៃតងកំពុងទទួលពន្លឺពីព្រះអាទិត្យ ជាបណ្ដុំនៃប្លង់ថតរូបសម្រាប់អ្នកទៅកម្សាន្តលេង ក៏ដូចជាស្នាក់អាស្រ័យនៅទីនោះ ។
២. Koh Andet Eco Resort
ជាតំបន់លម្ហែកាយមួយ ដែលមានទីតាំងនៅ ភូមិ កោះអណ្ដែត ឃុំ តាតៃ ស្រុកកោះកុង ខេត្ត កោះកុង ។ ជាកោះនៅកណ្ដាលផ្ទៃទឹកដ៏ថ្លាយង់ លក្ខណៈពិសេសរបស់ទីនោះគឺ មានអាងហែលទឹកដែលរចនាបែបខ្មែរផ្សំឡើងពីឈើ និង ឬស្សី មានទេសភាពស្រស់ត្រកាល អាចឱ្យយើងស្រូបយកខ្យល់ធម្មជាតិ បំបាត់នូវទុក្ខសោកទាំងឡាយបាន ។
៣. Young Wild and Free
Young Wild and Free គឺជាតំបន់លម្ហែកាយមួយ ដែលមានចម្ងាយប្រមាណជា ៨ គីឡូម៉ែត្រពីព្រំប្រទល់ថៃ ។ នៅទីនោះមានខ្យល់អាកាសបរិសុទ្ធ ទេសភាពស្រស់ស្អាត ជាទីប្រជុំកន្លែងកំសាន្ត ព្រោះបើជិះកង់ ចេញពីទីនោះត្រឹមតែ ១០ នាទី ប្រិយមិត្តនឹងទៅដល់ភូមិនេសាទ និងប្រជុំជនផ្សារ ។ បើនិយាយពីការស្នាក់នៅវិញ គឺលោកអ្នកអាចបោះតង់នៅមាត់ឆ្នេរ ឬក៏អាចគេងនឹងកញ្ចុះដ៏ស្រស់ស្អាតដែលគេបានរៀបចំ អមជាមួយសំឡេងទឹករលក និងឆ្នេរខ្សាច់ដ៏ស្រស់ត្រកាល ។
៤. Hula Hula Beach Bungalows & Restaurant
ស្ថិតនៅឆ្នេរប៉ាក់ខ្លង ភូមិ នាងកុក ស្រុក មណ្ឌលសីមា Hula Hula Beach Bungalows & Restaurant ជាតំបន់លម្ហែដែលបង្កើតឡើងនៅលើមាត់ឆ្នេរខ្សាច់ដ៏ស្រស់ត្រកាល ងាយស្រួលបញ្ឈរនេត្រាមើលថ្ងៃលិច ថ្ងៃរះ និងថតរូបអនុស្សាវរីយ៍ ។ មិនតែប៉ុណ្ណោះទីនោះមានវាលឆ្នេរបោះតង់ធំទូលាយ ងាយស្រួលក្នុងការបង្កើតកម្មវិធីជប់លាង អាំងសាច់ ដុតភ្លើងអង្គុយស្ដាប់រលកទឹកនៅមាត់ឆ្នេរ ៕
ប្រភព និង រូបភាពដោយ ៖ Booking.com