អាកាសធាតុធ្លាក់ខ្យល់បែបនេះ បើបានទៅដើរលេង ៤ ខេត្តនេះស្រស់ស្រាយបំផុត
រៀងរាល់ចុងឆ្នាំ គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ការធ្វើដំណើរកម្សាន្តនៅតាមបណ្ដាខេត្តនានា ដែលទេសចរអាចទទួលបាននូវអារម្មណ៍ពិសេសប្លែកជាមួយនឹងអាកាសធាតុដ៏ល្អ ។ បណ្ដារខេត្តនីមួយៗសុទ្ធសឹងតែមានកន្លែងដើរលេងស្អាតៗ ប៉ុន្តែថ្ងៃនេះ «ប្រជាប្រិយ» សូមណែនាំ ៤ ខេត្តនេះស័ក្ដិសមបំផុតសម្រាប់ដំណើរកម្សាន្តនាខែត្រជាក់បែបនេះ ។
១.ខេត្តមណ្ឌលគីរី
មណ្ឌលគីរី ទឹកដីប៉ែកឦសាននៃប្រទេសកម្ពុជាមានលក្ខណៈខុសពីខេត្តដទៃអាកាសធាតុត្រជាក់ស្ទើរគ្រប់រដូវកាល ពិសេសនៅកំលុងចុងឆ្នាំ ខេត្តមួយនេះកាន់តែមានអាកាសធាតុត្រជាក់ខុសពីសព្វមួយដង ។ នៅក្នុងកំឡុងចុងឆ្នាំរហូតដលខែមករា មណ្ឌលគីរីចុះត្រជាក់ដល់ចន្លោះពី ១៤ ទៅ ១៨ អង្សារ ធ្វើឱ្យនៅទីនោះក្លាយជាទីឋានដ៏រមនា ស័ក្ដិសមបំផុតអ្នកដែលចូលចិត្តអាកាសធាតុត្រជាក់ ។ អ្វីដែលកាន់តែគួរឱ្យទាក់ទាញនោះ នៅក្នុងរដូវរំហើយនេះដែរវាលស្មៅដែលធ្លាប់តែពណ៌បៃតងខ្ចីនឹងក្លាយជាវាលស្មៅពណ៌មាសដ៏ស្រស់ស្អាតបំផុត ។ មណ្ឌលគីរីមានតំបន់ទេសចរណ៍ស្អាតៗគ្របដណ្ដប់ទូទាំងផ្ទៃខេត្តរាប់ទាំងពីរួមខេត្តឡើង សុទ្ធតែជាទីកន្លែងដែលលោកអ្នកអាចគយគន់នូវសម្រស់ធម្មជាតិដ៏ត្រកាល ។
២. ខេត្តកំពត
ចំណែកឯខេត្តកំពតវិញនៅមិនឆ្ងាយពីរាជធានីភ្នំពេញ តែអំណោយផលទៅដោយតំបន់ទេសចរណ៍បែបធម្មជាតិរាប់មិនអស់ ។ នៅក្នុងរដូវរំហើយបែបនេះទេសចរភាគច្រើនបំផុតចូលចិត្តការស្នាក់នៅតាមដងព្រែកកំពត ស្ដាប់សំឡេងទឹករលក និងជះខ្យល់ពីដងទន្លេប៉ះរាងកាយធ្វើឱ្យមានអារម្មណ៍ត្រជាក់ពេញខ្លួនគួរជាតីរមនាក្រៃលែង ។ ការជិះទូកលេងកម្សាន្តតាមដងព្រែកគយគន់សម្រស់ព្រៃកោងកាងក៏ជាការកម្សាន្តអារម្មណ៍មួយបែបដ៏ពិសេសបំផុតនៅទីនោះ ។ ជំនោរបក់ពីខ្យល់ទន្លេទេសចរអាចអង្គុយលេងស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ និងដើរទស្សនាសំណង់បុរាណបន្សល់ទុកពីសម័យបារាំងនៅក្នុងទីរួមខេត្តក៏ជាគោលដៅមួយមិនគួរមើលរំលង ។
៣.ខេត្តព្រះសីហនុ
តារានាទិសនិរតី គឺជាពាក្យស្លោកតំណាងឱ្យទេសចរដ៏មានសក្ដានុពលបំផុត នៅឯខេត្តព្រះសីហនុ ។ រដូវរំហើយខ្យល់បោកបក់រសៀកៗនាំទឹករលកមកបោកផ្ទប់នឹងឆ្នេរ លាន់សំឡេងគ្រាំគ្រេងក្រោមមេឃមីស្រទុំ បានធ្វើឱ្យទីនោះស័ក្ដិសមបំផុតសម្រាប់ដំណើរកម្សាន្តនាចុងឆ្នាំនេះ ។ ព្រះសីហនុ ជម្រកគ្រឿងសមុទ្រស្រស់ៗដ៏មានឱជារស យើងអាចចម្អិនទទួលទានជួបជុំគ្រួសារប្របនឹងឆ្នេរសមុទ្រ អាចក្រាលកន្ទេលអង្គុយលេងដោយឥតគិតថ្លៃ កាន់តែធ្វើឱ្យទទួលបានអារម្មណ៍ដ៏ស្រស់ស្រាយឥតគណនា ។
៤.ខេត្តស្ទឹងត្រែង
ស្ទឹងត្រែងក៏ជាដែនដីមិនគួរមើលរំលេងសម្រាប់ដំណើរកម្សាន្តចុងឆ្នាំ រដូវរំហើយទឹកទន្លេមេគង្គចាប់ផ្ដើមស្រកជាអន្លើៗ ដែលអំណោយផលឱ្យខេត្តមួយនេះមានកន្លែងជាច្រើនដែលទេសចរអាចធ្វើដំណើរកម្សាន្តយ៉ាងសប្បាយរីករាយ ។ ស្ទឹងត្រែងមានតំបន់ទេសចរណ៍ជាច្រើនរាប់មិនអស់ មានទាំងទឹកជ្រោះ ព្រៃភ្នំ ដងទន្លេ ឆ្នេរខ្សាច់ទន្លេដ៏ស្រស់ស្អាតបំផុត ។ ជាពិសេសខ្យល់បក់ត្រជាក់ៗបែបនេះគេនិយមទៅជិះទូកកម្សាន្តនៅតំបន់ព្រៃលិចទឹករ៉ាំសារដ៏ស្រស់ត្រកាល គយគន់ហ្វូងបន្សីរាប់រយក្បាលហើរឆ្វែងឆ្វាត់ គយគន់ព្រៃលិចទឹកដែលរំលេចចេញជាផ្ទាំងទស្សនីយភាពដូចផ្ទាំងគំនូរ និងឆ្នេរខ្សាច់ទន្លេដ៏ស្រស់ស្អាត ៕