ព្រះសីហនុឥលូវ មានអគារខ្ពស់ៗបង្អួតសម្រស់ពេលរាត្រីរំលេចពណ៌ចម្រុះស្អាតខ្លាំង
ខេត្តព្រះសីហនុ គឺជាខេត្តជាប់មាត់សមុទ្រដ៏ធំមួយក្នុងចំណោមខេត្តជាប់មាត់សមុទ្រផ្សេងទៀតរួមមានខេត្តកែប កោះកុង និង កំពត ដែលតែងមានភ្ញៀងទេសចរ ទៅមកមិនដាច់រាល់ពេលឈប់សម្រាកពីការងារម្តងៗ ដើម្បីកម្សាន្ត លម្ហែកាយ នៅលើឆ្នេរសមុទ្រដ៏វែងអន្លាយ ក៏ដូចជាបរិភោគគ្រឿងសមុទ្រស្រស់ៗពីខេត្តនេះ ។
ខេត្តព្រះសីហនុ បានអភិវឌ្ឍកែប្រែមុខមាត់បន្តិចម្តងៗ ដោយមិនត្រឹមតែជាខេត្តសម្បូរទៅដោយ កោះស្អាតៗ ឆ្នេរសមុទ្រសក្បុស ទឹកសមុទ្រដ៏ស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាប៉ុណ្ណោះទេ ខេត្តក៏ដូចជាក្រុងព្រះសីហនុ ក៏ជាតំបន់សេដ្ឋកិច្ចមួយដ៏សំខាន់ផងដែរ ដោយសារតែទីនេះមានកំពង់ផែដ៏ធំសម្រាប់ការធ្វើពាណិជ្ជកម្មចេញចូល ដែលអាចទាក់ទាញអ្នកវិនិយោគទុនយ៉ាងច្រើនកុះករ ។
បើក្រឡេកមកមើលទិដ្ឋភាពសម្រស់ទីក្រុងទាំងមូលនាពេលរាត្រី យើងឃើញថា ក្រុងព្រះសីហនុមិនចាញ់បណ្តាក្រុងនានានោះឡើយ ដោយមានអមទៅដោយ ពន្លឺភ្លើងចម្រុះពណ៌ ចរាចរណ៍ទៅមកខ្វែងខ្វាត់យ៉ាងមមាញឹក ក៏ដូចជាមានភោជនីយដ្ឋាន ហាងលក់ដូរទំនិញជាច្រើនប្រភេទ បើករង់ចាំទទួលភ្ញៀវជានិច្ច ។
យ៉ាងណាមិញ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ ក្រុងព្រះសីហនុបានផុសឡើងនូវអគារខ្ពស់ៗ ប្លែកៗគ្នា តម្រៀបជាជួរយ៉ាងច្រើន អមនៅតាមបណ្តោយផ្លូវក្រាលកៅស៊ូ យ៉ាងស្រស់ស្អាត តាំងពីរង្វង់មូលតោ ២ដែលជានិមិត្តរូបខេត្ត រហូតដល់តាមបណ្តាច្រកល្ហកនានានៅក្នុងក្រុងទាំងមូល ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តព្រះសីហនុ បាននិងកំពុង កែប្រែរៀបចំ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ជាពិសេសការសម្អាតសំរាមនៅតាមបណ្តោយឆ្នេរ ក៏ដូចជាការលម្អតាមសួនច្បារនានា ដើម្បីបន្តទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅក្នុងខេត្តនេះកាន់តែច្រើនថែមទៀត ៕
រូបថតដោយ៖ Thuch Sitha