មកស្គាល់ ៤ កន្លែងនៅកំពង់ស្ពឺ ស្អាតខ្លាំង ធម្មជាតិពិតៗ ទោះមានទុក្ខប៉ុនភ្នំក៏រលាយដែរ
កំពង់ស្ពឺ ជាខេត្តមួយមានចម្ងាយត្រឹម ៤៨ គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ តែជាខេត្តដែលមានតំបន់ធម្មជាតិស្រស់ស្អាតជាច្រើនកន្លែង ។ ជាក់ស្ដែងថ្ងៃនេះ «ប្រជាប្រិយ» សូមបង្ហាញតំបន់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ត្រកាល ៤ កន្លែងនៅខេត្តកំពង់ស្ពឺ មិនគួរមើលរំលងបើបានទៅលេងទឹកដីសម្បូរដើមត្នោតមួយនេះ ។
១. ភូមិដំណាក់ដំរី
ភូមិដំណាក់ដំរី នៅក្បែរជើងភ្នំគីរីរម្យ នាទឹកដីខេត្តកំពង់ស្ពឺ បានក្លាយជាតំបន់ទេសចរណ៍មួយដ៏ទាក់ទាញពីសំណាក់ទេសចរដែលចូលចិត្តការលម្ហែកាយបែបធម្មជាតិពិតៗ ។ ភូមិដំណាក់ដំរី ជារីសត បែបធម្មជាតិបូកផ្សំជាមួយនឹងគំនិតច្នៃប្រឌិត ធ្វើឱ្យទីនោះក្លាយជាទីតាំងដ៏ល្អបំផុត នាថ្ងៃឈប់សម្រាករបស់អ្នក ។ ទេសចរស្នាក់នៅជាប្រភេទផ្ទះវីឡា ជាប្រភេទតង់ ផ្ទះរចនាបថបែបខ្មែរ ព្រមជាមួយនឹងសេវាកម្មអាហារឆ្ងាញ់ៗជាច្រើនមុខ ។ ក្រៅពីនេះភ្ញៀវដែលទៅកម្សាន្តនៅទីនោះអាចជិះកង់លេង ស្ទូចស្រី ជិះសេះកម្សាន្តជាដើម ។
២. ចម្កាក្រូច
ទឹកធ្លាក់ចម្ការក្រូចមានទីតាំងនៅតំបន់ភ្នំជ្រាវ ស្ថិតនៅខេត្តកំពង់ស្ពឺ មានចម្ងាយត្រឹមតែ ១១៥ គីឡូម៉ែត្រប៉ុណ្ណោះពីភ្នំពេញ ។ នៅទីនោះ ភ្ញៀវទេសចរអាចទស្សនាទេសភាពដ៏ស្រស់បំព្រង អមទៅដោយព្រៃព្រឹក្សាតូចធំ និង ចម្ការដំណាំហូបផ្លែជាច្រើនប្រភេទរបស់អ្នកស្រុក នៅតាមផ្លូវចូលទៅកាន់រមណីយដ្ឋានមួយនេះ ។ ដើម្បីអាចទៅដល់ទីនោះភ្ញៀវទេសចរត្រូវជិះតាមផ្លូវជាតិលេខ ៥ រហូតដល់ ផ្សារឧត្តុង្គ រួចបត់ឆ្វេង និង ជិះត្រង់រហូតតាមផ្លូវជាតិ ១៣២ រហូតដល់ ច្រមុះជ្រូកផ្សារអមលាំង បត់ស្តាំ ហើយទៅត្រង់រហូតដល់ផ្លាកសញ្ញា ទៅទឹកធ្លាក់ចម្ការក្រូច ។
៣. ទឹកធ្លាក់ចំបក់
តំបន់ទេសចរណ៍បែបធម្មជាតិទឹកធ្លាក់ចំបក់ ស្ថិតក្នុងទឹកដី ភូមិចំបក់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ ជាប់ព្រំដែនឧទ្យានជាតិគិរីរម្យ ។ ទីនោះជាទីឋានដ៏មនោរម្យបំផុតសម្រាប់អ្នកស្រឡាញ់ធម្មជាតិ មានព្រៃព្រឹក្សាបៃតងខ្ចី ទឹកធ្លាក់ចេញពីថ្មភ្នំត្រជាក់ស្រេបដូចទឹកអម្រឹត ។ ភ្ញៀវទេសចរអាចងូតទឹកធ្លាក់ដ៏ត្រជាក់ បន្ទរដោយសំឡេងសត្វយំកងរំពងពេញព្រៃ ពិតជាធ្វើឱ្យយើងទទួលបាននូវអារម្មណ៍ដ៏ស្រស់ស្រាយរកថាមិនត្រូវ ។
៤. តំបន់អភិវឌ្ឍន៍ម៉ុង ឫទ្ធី ភ្នំសែនជ័យ
តំបន់អភិវឌ្ឍន៍ ម៉ុង ឫទ្ធី សែនជ័យ បានបើកលក់សបុត្រឱ្យភ្ញៀវទេសចរចូលទៅទស្សនាកំពុងតែទទួលបានការគាំទ្រខ្លាំង ដែលមានទីតាំងស្ថិតនៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺមានចម្ងាយប្រហែល ៤០គីឡូម៉ែត្រពីរង្វង់មូលចោមចៅ ដោយយើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៤ រហូតដល់ហួសផ្សារព្រៃផ្តៅបន្តិច មានផ្លូវបត់ចូលនៅខាងឆ្វេងដៃ ។ នៅទីនោះមានទីលានប្រណាំងឡាន និងម៉ូតូ ព្រមទាំងមានសួនសត្វដ៏ធំមានសត្វព្រៃជាច្រើនប្រភេទ គួរឱ្យចង់ទស្សនា ។ ក្រៅពីនេះមានទេសភាពព្រៃភ្នំហ៊ុមព័ទ្ធជុំវិញដាច់កន្ទុយភ្នែក មានផ្លូវកៅស៊ូពុះជ្រែកកាត់ព្រៃភ្នំ បត់បែន ដូចអន្ទង់អាំង ជាមួយនឹងខ្យល់អាកាសដ៏ល្អបរិសុទ្ធធ្វើឱ្យអារម្មណ៍ស្រស់ស្រាយដោយមិនចាំបាច់ទៅឯណាឆ្ងាយឡើយ ៕