នៅក្រចេះ មានព្រះវិហារចំណាស់ជាងគេមួយ អាយុកាល ២០០ ឆ្នាំ ក្បូរក្បាច់ស្អាតបំផុតនៅឈរយ៉ាងរឹងមាំ
ព្រះវិហារ វត្តបទុមវនីវណ្ណរាម ហៅវត្តរកាកណ្តាល បានកសាងឡើងក្នុងចន្លោះសតវត្សទី ១៨ និងដើមសតវត្សទី១៩ និងមានអាយុកាលប្រមាណ ២០០ ឆ្នាំ ហើយជាព្រះវិហារមានវ័យចំណាស់ជាងគេ ដែលនៅសេសសល់សព្វថ្ងៃ ។ វិហារចំណាស់នេះ ក៏ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្របែបសាសនាដ៏មានតម្លៃមួយផងដែររបស់ខេត្តក្រចេះ ។ នេះបើតាមគរហទំព័ររបស់រដ្ឋបាលខេត្តក្រចេះ ។
វត្តរកាកណ្តាល មានទីតាំងស្ថិតនៅ ក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ដែលនៅជាប់មាត់ទន្លេចម្ងាយ ២ គីឡូម៉ែត្រ ខាងត្បូងទីរួមខេត្ត ។ នៅក្នុងឆ្នាំ ២០០១ សម្ព័ន្ធសិប្បកម្មនៃប្រទេសអាឡឺម៉ង់បានជួយជួសជុលកែលំអរវិហារបុរាណនេះឡើងវិញ តាមលំនាំចាស់ទាំងស្រុង ហើយក៏បានបើកទ្វារជូនភ្ញៀវទេសចរឱ្យចូលទស្សនាចាប់តាំងពីពេលនោះមក ។
បើយើងក្រឡេកមើលពីក្រៅ គេនឹងឃើញព្រះវិហារចំណាស់មួយនេះធ្វើពីឥដ្ឋ និងឈើប្រក់ក្បឿង ។ មានហោជាងធ្វើពីឈើ ឆ្លាក់ក្បាច់ផ្កាភ្ញីដ៏ល្អឥតខ្ចោះ អមដោយចម្លាក់ អាទិទេពមានដៃ ៤ កាន់កងច័ក្រ និង ព្រះខ័នជ័យ គង់លើរាជបាល័ង្គ យ៉ាងមានរឫទ្ធី ។ ដោយឡែក នៅខាងក្នុងនៃព្រះវិហារចំណាស់នេះវិញ នៅតាមសរសេរនីមួយៗ បានរំលេចទៅដោយរូបផ្កាចម្លាក់សសរខ្មែរ អមដោយធ្នឹម និងផ្ទោង ដែលគេដាប់ចេញជាផ្កាភ្ញីយ៉ាងឆើតឆាយ គួរឱ្យចង់គយគន់ នឹកភ្នកដល់ពីភាពប៉ិនប្រសព្វរបស់ដូនតាខ្មែរជំនាន់មុន ។
អ្នកទេសចរ ដែលបានទៅដល់ខេត្តក្រចេះ ភាគច្រើនមិនដែលរំលងវត្តបុរាណនេះទេ ពិសេសភ្ញៀវទេសចរអន្តរជាតិ ។ គ្រប់គ្នាដែលបានទៅទស្សនានៅវត្តនេះហើយ តែងពោលសរសើរពីស្នាដៃដ៏អស្ចារ្យ នឹងនឹកសម្រៃពីភាពរីចម្រើនរបស់ព្រះពុទ្ធសាសនាពីអតីតកាល ៕