រមណីយដ្ឋាន ៥ កន្លែងនេះស្អាតៗ ពេញនិយមបំផុតនៅខេត្តស្វាយរៀង
កន្លងមកនៅពេលដែលប្រិយមិត្តមានគម្រោងធ្វើដំណើរកម្សាន្ត ច្រើនមិនសូវបានគិតដល់ខេត្តស្វាយរៀងនោះទេ តែយ៉ាងណាមិញខេត្តមួយនេះក៏មានតំបន់ទេសចរណ៍ទាំងវប្បធម៌ប្រវត្តិសាស្ត្រ និងតំបន់ធម្មជាតិជាច្រើនគួរឱ្យចាប់អារម្មណ៍ ។ ដូច្នេះសូមប្រិយមិត្តទៅស្គាល់ទាំងអស់គ្នាដូចខាងក្រោមនេះ ៖
១.រមណីយដ្ឋានប្រាសាទព្រៃបាសាក់
រមណីយដ្ឋានប្រាសាទព្រៃបាសាក់មានទីតាំងស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ខាងកើតឈាងខាងត្បូងនៃទីរួមខេត្តស្វាយរៀង ។ រមណីយដ្ឋាននេះ មានចម្ងាយប្រហែល៨គីឡូម៉ែត្រ ពីទីរួមខេត្តស្វាយរៀង ហើយមានផ្ទៃក្រឡា៩ ហិកតា ស្ថិតនៅខាងជើង និងខាងកើតទល់នឹងទន្លេវ៉ៃកូ ខាងលិច និងខាងត្បូង ទល់នឹងភូមិប្រជាពលរដ្ឋ ។
ចំពោះទីតាំងភូមិសាស្ត្រប្រាសាទបាសាក់នេះ គឺជាដីទួលដ៏ចំណាស់មួយមានព្រៃឈើជាច្រើនព័ទ្ធជុំវិញបង្កើតបានជាទេសភាពគួរជាទីគយគន់ ។ តាមការសិក្សាស្រាវជ្រាវរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀងបញ្ជាក់ថា រមណីយដ្ឋាននេះមានចាប់ពីសម័យបុព្វកាលមកហើយ ក៏បានបន្សល់ទុកនូវប្រាសាទបុរាណមួយផង ដែលគេគ្រប់គ្នាតែងតែហៅថាប្រាសាទព្រៃបាសាក់។ ប៉ុន្តែអ្វីគួរឱ្យសោកស្តាយ ប្រាសាទបុរាណនេះ ត្រូវបានបាក់បែកខ្ទេចខ្ទី នៅសល់តែគ្រឹះឥដ្ឋប្រាសាទ ធ្លាក់រាយប៉ាយ និងគ្រោងជញ្ជាំងនៅសល់បន្តិចបន្តួចប៉ុណ្ណោះ ។ បច្ចុប្បន្ននេះ រមណីយដ្ឋានប្រាសាទបាសាក់ បានស្រូបទាញភ្ញៀវទេសចរមកទស្សនា និងកម្សាន្តសប្បាយជាបន្តបន្ទាប់ផងដែរ ។
២. រមណីយដ្ឋានធម្មជាតិព្រៃគគីរ
ព្រៃគគីរ គឺជារមណីយដ្ឋានធម្មជាតិដែលសម្បូរទៅដោយដើមគគីរជាច្រើនដើមដុះព័ទ្ធជុំវិញ ។ រមណីយដ្ឋាននេះ មានទីតាំងស្ថិតនៅក្នុងបរិវេណសហគមន៍ព្រៃឈើចម្ការកូនគគីរ ក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង និង ចម្ងាយ ៣២ គីឡូម៉េត្រពីទីរួមខេត្តស្វាយរៀង ។
ទេសចរណ៍អាចធ្វើដំណើរទៅទីនោះបាន ដោយចំណាយពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះ ។ នៅទីនោះមានស្រះទឹកធំមួយនៅចំកណ្ដាលព្រៃ មានរុក្ខជាតិតូចធំដុះពេញព្រៃ មានដូចជា ដើមគគីរ ដើមស្មាច់ និង មានការរៀបចំសង់ជាស្ពានសម្រាប់ដើរទស្សនាព្រៃអាកាសស្យា និងសួនផ្កាចម្រុះពណ៌លម្អយ៉ាងស្រស់បំព្រង ។
នៅរមណីយដ្ឋានព្រៃគគីរក៏មានលក់អាហារដ៏មានរសជាតិឆ្ងាញ់តាមបែបធម្មជាតិ ដែលបានមកតាមរយៈការផ្គត់ផ្គង់ពីកសិករមានបន្លែ ត្រី មាន់ និងទា ជាហេតុធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះទទួលបានប្រាក់ចំណូលតាមរយៈរមណីដ្ឋាននេះដែរ ។
៣. រមណីដ្ឋានធម្មជាតិទឹកវិល
ទឹកវិល គឺជារមណីយដ្ឋានធម្មជាតិស្ថិតនៅក្នុងភូមិទឹកវិល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ។ រមណីយដ្ឋាននេះ មានចម្ងាយប្រមាណ ៤២ គីឡូម៉ែត្រ ពីទីរួមខេត្តស្វាយរៀង ។ ទឹកវិលជាទំនប់កម្សាន្តបែបលក្ខណៈគ្រួសារ ដែលមានបឹងមួយដ៏ធំដែលអាចឱ្យភ្ញៀវអញ្ជើញមកជិះទូកលេង និងគយគន់មើលទេសភាពដ៏ខៀវស្រងាត់ជុំវិញបឹងនេះ និង មានខ្ចុះសម្រាប់ភ្លៀវសម្រាក់ពិសារអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់បែបធម្មជាតិ ។ ពីមួយថ្ងៃទៅមួយថ្ងៃរមណីដ្ឋានមួយនេះ ទទួលភ្ញៀវទេសទភលេងកម្សាន្តច្រើនគួរសម ។
៤. ប្រាសាទជីហោ
ប្រសាទជីហោ គឺជាប្រសាទមួយដែលមានវ័យចំណាស់ជាងគេក្នុងខេត្តស្វាយរៀង ស្ថិតនៅតំបន់ឦសាននៃទីរួមខេត្តស្វាយរៀង ចម្ងាយប្រមាណ ៥៨គីឡូម៉ែត្រ ។ ប្រសាទនេះកសាងឡើងក្នុងអំឡុងសតវត្សទី៦ (លំនាំរចនាបទសំបូរព្រៃគុកហ៍) សង់នៅលើទីទួលមួយកន្លែងមានកម្ពស់ ៣ ម៉ែត្រ ទំហំ ៥០ ម៉ែត្រ បួនជ្រុង ប្របតាមមាត់ទន្លេជាប់ព្រំប្រទល់ដែន កម្ពុជា-វៀតណាម ។ រីឯតួប្រសាទធ្វើអំពីឥដ្ឋ និង ថ្មបាយក្រៀមពីទិសខាងកើត ក្រៅពីនេះ មានសុទ្ធតែទ្វារបង្អួចបញ្ឆោតបិទជាប់ជញ្ជាំង ។ ចំពោះទ្វារ មេបង្អួច ក្បាច់ផ្ងា និងក្បាច់ផ្សេងៗទៀត ធ្វើអំពីដីដុតទាំងអស់ ។
៥.ស្ពានព្រែកត្នោត
ស្ពានព្រែកត្នោត គឺជារមណីយដ្ឋានបែបធម្មជាតិនិងកែច្នៃមួយដែលទេសភាពស្រស់បំព្រង មានខ្យល់អាកាសបរិសុទ្ធបែបស្រុកស្រែ និង ខណ្ឌព្រំប្រទល់គ្នាដោយព្រែកត្នោត និង តភ្ជាប់គ្នាដោយស្ពានត្នោត ។ រមណីយដ្ឋាននេះ មានទីតាំងស្ថិតនៅត្រើយខាងជើងក្នុងភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ៕