អ្នកបុរាណវិទ្យារកឃើញភស្តុតាងថ្មី អតីតរាជវាំងបុរាណនៅភ្នំគូលែន
ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ ADF អាជ្ញាធរជាតិអប្សរា អាជ្ញាធរដែនដី និង ប្រជាពល រដ្ឋដែលរស់នៅលើខ្នងភ្នំគូលែនបានធ្វើកំណាយស្រាវជ្រាវលើទីតាំងឈ្មោះ បន្ទាយ បច្ចុប្បន្នហៅថា ផ្ទះគូចារ្យ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែនស្ថិតក្នុង សហគមន៍ តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានរកឃើញភស្តុតាងថ្មីប្រហែលជាអតីតរាជវាំងបុរាណក្នុងរាជព្រះបាទជ័យវរ្ម័នទី២ ក្នុងសតវត្សទី៩ នៅខ្នងភ្នំគូលែន ។
បេសកកម្មនៃការធ្វើកំណាយនេះបានចាប់ផ្តើមតាំងពី ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៨ ហើយគ្រោងនឹងបញ្ចប់នៅ ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១៨ ។ បើយោងតាមសៀវភៅបោះពុម្ភលើកទី ២ របស់លោក E Aymonier បាននិយាយរៀបរាប់ពីជួរភ្នំគូលែនដោយមានការបញ្ជាក់ពីទីតាំងភូមិសាស្ត្រ ភូគព្ភសាស្ត្រ នរវិទ្យា និងធារាសាស្ត្រ ដោយបានហៅទីតាំងនេះថា មហេន្ទ្របព៌តមានន័យថាជាភ្នំនៃព្រះឥន្ទ្រ ។
យោងតាមសៀវភៅ Le Cambodge ភាគទី ៣ សរសេរដោយ លោក E.Aymonier បានបង្ហាញតិចតួចពីអត្តសញ្ញាណថា មហេន្ទ្របព៌ត គឺជាភ្នំគូលែន ។ បើយោងតាមសិលាចារឹកស្តុកកក់ធំ (K.235) ដែលថាឡើងប្រមាណជាជាង ២០០ ឆ្នាំ បន្ទាប់ពីការចូលទីវង្គត់របស់ព្រះបាទជ័យវរ្ម័ទីពី ២ រៀបរាប់យ៉ាងក្បោះក្បាយផងដែរពីការផ្លាស់ប្តូររាជធានីរបស់ព្រះអង្គពីតំបន់មួយទៅតំបន់មួយ ប៉ុន្តែមានការសន្និដ្ឋានច្រើនដូចគ្នាថា មហេន្ទ្របព៌ត គឺជាភ្នំគូលែនបច្ចុប្បន្ន ដោយសភ្តុតាង ជាច្រើនដូចជាប្រាសាទដែលព្រះអង្គប្រកាសរាជ បន្ទាប់ពីព្រះអង្គបានធ្វើការបង្រួបបង្រួមជាតិរួច សំណង់សាធារណៈ ទំបន់ទឹក ប្រាសាទសម្រាប់សាសនា និងរាជវាំងក៏បានរកឃើញជាបន្តបន្ទាប់។
ទីតាំងរាជវាំងនេះបានរកឃើញដោយបានគត់ត្រាពីអ្នកស្រាវជ្រាវបារាំង ប៉ុន្តែមិនដែលបានធ្វើការកំណាយនៅឡើយទេ ទើបអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ កម្មវិធីភ្នំគូលែន ក្នុងឆ្នាំ ២០០៩ បានសហការជាមួយបុរាណវិទូនៃអាជ្ញាធរជាតិអប្សរា និង ក្រសួងបរិស្ថាន ធ្វើកំណាយស្រាវជ្រាវជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ ។
ក្រៅពីការស្រាវជ្រាវ ក៏មានកម្មវិធីបណ្តុះបណ្តាលបុរាណវិទូខ្មែរឱ្យកាន់តែស្ទាត់ជំនាញ ដែលជាធនធានមនុស្ស ក្នុងវិស័យបុរាណវិទ្យា សម្រាប់សង្គមយើងនាពេលអនាគតផងដែរ ។ គោលបំណងនៃការស្រាវជ្រាវនេះ គឺផ្តោតសំខាន់ទៅលើសិក្សារចនាសម្ព័ន្ទសំណង់រាជវាំងបុរាណមួយនេះឱ្យកាន់តែស៊ីជម្រៅ ថាតើសំណង់នេះសង់ពីអ្វី? រចនាបថអី្វ? មានប៉ុន្មានដំណាក់កាល? តួនាទីអ្វីខ្លះ? សង់ក្នុងឆ្នាំណាខ្លះ? យោងតាមលទ្ធផលដែលបានសន្និដ្ឋានបឋមបាន រកឃើញផ្លូវចូលពីទិសខាងកើតអគារសង់ពីឥដ្ឋ ។
ការរកឃើញសំណង់កណ្តាលនៃអគារនេះមានបីដំណាក់កាលដំណាក់កាល់ទី ១ ប្រហែលជាស្ថិតក្នុងរាជព្រះបាទជ័យវរ្ម័នទី ២ ស្ថិតក្នុងសតវត្សរ៍ទី ៩ បច្ចេកទេសសំណង់មានបង្ហាប់គ្រឹះដោយប្រើដី លាយជាមួយកំទេចថ្មបាយគ្រៀម គ្រួស បន្ទាប់មករៀបក្រវ៉ាតពីឥដ្ឋ មុននឹងធ្វើសំណង់ខាងលើ ។ ដំណាក់កាលទី ២ គឺចាក់ដីកំរាស់ ៣០ សង់ទីម៉ែត្រនៅលើកំរាលឥដ្ឋដំណាក់កាលទី ១ បន្ទាប់មកក៏រាបកំរាលឥដ្ឋនៅពីលើ ក្នុងដំណាក់កាលនេះយើងមិនទានអាចធ្វើការសន្និដ្ឋានថាធ្វើពេលណានៅឡើងនោះទេ ដោយសារយើងមិនទាន់មានភស្តុតាងគ្រប់គ្រាន់ដើម្បីធ្វើការសន្និដ្ឋានបឋម ។ ដំណាក់កាលទី ៣ ស្ថិតក្នុងអំឡុងទសវត្សរ៍ទី ៦០ រហូតដល់ពេលប្រទេសមានសង្គ្រាម ដោយសារសាកសួរពីចាស់ទុំនៅតំបន់នេះ ក្នុងទសវត្សទី ៦០ មានលោកតាអាចារ្យម្នាក់បានមកសង់ផ្ទះនេះដើម្បីធ្វើធម៍ បន្ទាប់ពីប្រទេសមានសង្គ្រាមក៏បាត់ដំណឹងគាត់ចាប់ពីពេលនោះមក ។
គោលបំណង់ទៅពេលខាងមុខគឺស្ថាប័នពាក់ព័ន្ធនឹងចង់ក្រងសក្តានុពលរបស់ឧទ្យានជាតិភ្នំគូលែន ដើម្បីចូលរួមបំពេញលក្ខខណ្ឌបញ្ជូលភ្នំគូលែនទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយនឹងធ្វើការបោះពុម្ភផ្សាយ ស្តីពីការរកឃើញថ្មីនៃរចនាសម្ព័ន្ធសំណង់រាវវាំងសម័យបុរាណដែលមាននៅលើខ្នងភ្នំគូលែន៕ សុថាត់