ផ្លូវ ៦ កន្លែងនៅកម្ពុជា បត់បែនវែងអន្លាយកាត់ព្រៃភ្នំ ឆក់យកបេះដូងអ្នកដំណើរ គយគន់មិនណាយ
តាមដងផ្លូវទៅកាន់បណ្ដាខេត្ត ឬទៅកាន់តំបន់ទេសចរណ៍នានានៅក្នុងប្រទេសកម្ពុជាសុទ្ធតែមានទិដ្ឋភាព និងសម្រស់ទាក់ទាញក្រសែភ្នែកអ្នកដំណើររៀងៗខ្លួន ។ ដោយឡែកនៅថ្ងៃនេះ «ប្រជាប្រិយ» សូមបង្ហាញផ្លូវ ៦ ខ្សែល្បីល្បាញខ្លាំង មានសម្រស់ស្រស់ស្អាតខ្លាំងទាក់ទាញបេះដូងអ្នកដំណើរឱ្យលង់នឹងសម្រស់ធម្មជាតិគយគន់មិនចេះជិនណាយ ។
១. ផ្លូវស្រុកវាលវែងខេត្តពោធិ៍សាត់
ផ្លូវនេះមានប្រវែងសរុប ១៨០ គីឡូម៉ែត្រ ពីផ្លូវប្រសព្វផ្លូវ ជាតិលេខ៥ រហូតដល់ភ្នំក្រវាញ-ទីរួមស្រុកវាលវែង-ថ្មដា ខេត្តពោធិសាត់ (ព្រំដែនកម្ពុជា-ថៃ ខេត្តត្រាត) ។ ផ្លូវនេះជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង សមាហរណកម្មផ្ទៃក្នុង ក៏ដូចជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានងាយស្រួល និងឆាប់រហ័សព្រមទាំងរួមចំណែក ដល់ការប្រែក្លាយតំបន់សក្តានុពលផ្នែកកសិកម្ម ពិសេសតំបន់ដាច់ស្រយាលជាប់ព្រំដែនកម្ពុជាថៃ ដែលអាចតភ្ជាប់មកកាន់ទីប្រជុំជនបានងាយស្រួល ។
ផ្លូវមួយខ្សែដ៏វែងអន្លាយនេះ សាងសង់ឡើងដោយពុះជ្រែកកាត់ព្រៃភ្នំ ឡើងចំណោត ចុះចំណោត កាច់កុង បត់បែន ព្រៀបដូចអន្ទង់អាំង ។ នៅអមសងខាងផ្លូវវិញមានព្រៃឈើខៀវខ្ចីដាច់កន្ទុយភ្នែក ដែលបង្កើនឱ្យសម្រស់ផ្លូវមួយខ្សែនេះកាន់តែស្អាតទ្វេឡើង
២. ផ្លូវទៅប្រាសាទអង្គវត្ត
ក្រឡេកមកមើលទិដ្ឋភាពនាតំបន់ដ៏អច្ឆរិយលើដែនដីខេត្តសៀមរាបឯណេះវិញ កំពុងបង្អួតសម្រស់ទៅកាន់ទេសចរជាតិ និងអន្តរជាតិឱ្យត្រជាក់ភ្នែក គយគន់ព្រៃព្រឹក្សាខៀវខ្ចី ចោលម្លប់ត្រឈឹងត្រឈៃ នាំឱ្យចិត្តសប្បាយរីករាយពេកក្រៃ ។ ប្រសិនបើប្រិយមិត្តបានទៅជិះកង់ នៅតាមផ្លូវទៅប្រាសាទអង្គរ និងប្រាសាទផ្សេងៗទៀតនារដូវវស្សានេះ ពិតជាមិនខកបំណងឡើយ ។
៣. ផ្លូវទៅខេត្តមណ្ឌលគីរី
ខេត្តមណ្ឌលគីរីជាទីប្រាថ្នារបស់មនុស្សគ្រប់រូប ព្រោះតែសក្ដានុពលទេសចរដ៏ល្អឯក គ្របដណ្ដប់ដោយព្រៃភ្នំខៀវខ្ចី ប្រកបដោយអាកាសធាតុដ៏ត្រជាក់ ។ មិនថាអ្នកបានទៅដល់ទឹកដីនេះក្នុងរដូវណា ក៏អ្នកនៅតែអាចទស្សនាទិដ្ឋភាពប្លែកៗគ្នា ប្រសិនបើទៅក្នុងរដូវរំហើយ នោះអ្នកនឹងឃើញទិដ្ឋភាពវាលស្មៅដូចគេក្រាលមាស ។ បើអ្នកទៅក្នុងរដូវវស្សានេះ អ្នកនឹងត្រជាក់ភ្នែក ស្រូបយកនូវអុកស៊ីសែនដ៏ល្អចេញពីព្រៃឈើបៃតងខ្ចី រំលេចជាទេសភាពដ៏ស្រស់បំព្រងស្អាតជាងរូបគំនូរដែលចេញពីវិចិត្រករដៃឯកផង ។
៤. ផ្លូវទៅខេត្តកោះកុង
ចំណែកផ្លូវទៅខេត្តកោះវិញ យើងត្រូវធ្វើដំណើរឡើងភ្នំ ចុះភ្នំ បត់បែនតាមជំរាលភ្នំ ដែលមានគ្របដណ្ដប់ដោយព្រៃឈើក្រាសឃ្នឹក ។ អ្នកនឹងមានអារម្មណ៍ថា លង់ស្នេហ៍នឹងសម្រស់ធម្មជាតិ ដែលស្រស់ត្រកាលរកពាក្យមកបរិយាយមិនត្រូវ ។ នៅពេលដែលអ្នកធ្វើដំណើរតាមផ្លូវដែលមានទិដ្ឋភាព ប្លែកៗមិនចេះជិនណាយពីមួយកន្លែងទៅមួយកន្លែង អ្នកនឹងមានអារម្មណ៍ថា ផ្លូវចំងាយរាប់រយគីឡូម៉ែត្រតែធ្វើដំណើរហាក់មួយភ្លែត ។ អ្នកនឹងបន់ស្រន់សូមឱ្យទ្រនិចនាឡិកានៅធ្មឹង ដើម្បីបានឃើញ នូវសម្រស់ធម្មជាតិដែលគយគន់មិនចេះឆ្អែតឆ្អន់ ។
៥. ផ្លូវទៅឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»
ប្រសិនបើលោកអ្នកបានធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនេះវិញ មុខជាជាប់ចិត្តនូវសម្រស់ធម្មជាតិតាមដងផ្លូវគយគន់មិនចេះជិនណាយ ។ រយៈកម្ពស់ប្រមាណ ១០៧៥ ម៉ែត្រហាក់ជិះមួយភ្លែត ព្រោះតែអារម្មណ៍អ្នកហាក់ដិតដាមនឹងសម្រស់ផ្លូវដ៏វែងអន្លាយបត់បែនតាមជម្រាលភ្នំ អមជាមួយជាមួយព្រៃព្រឹក្សាកំពុងលាស់ត្រួយបៃតងខ្ចី ។ ផ្លូវទៅកាន់ឧទ្យានជាតិបូកគោត្រូវបានកសាងឡើងតាំងពីសម័យអាណានិគមបារាំងមកម្ល៉េះ លុះមកដល់សម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋផ្លូវមួយខ្សែកាន់តែអភិវឌ្ឍបន្ថែមទៀត និងជាប់រឹងមាំរហូតមកដល់បច្ចុប្បន្ន ។
៦. ផ្លូវទៅឧទ្យានជាតិគិរីរម្យ
ចំណែកផ្លូវពុះជ្រែកកាត់ព្រៃព្រឹក្សានៅឯឧទ្យានជាតិគិរីរម្យវិញ បានខាបយកបេះដូងអ្នកទេសចរឱ្យជ្រុះនៅទីនោះអស់ហើយ ។ ជាមួយនឹងអាកាសធាតុដ៏ត្រជាក់ ម្លប់ឈើត្រឈឹងត្រឈៃ គ្របដណ្ដប់លើដងផ្លូវ ធ្វើឱ្យយើងមានអារម្មណ៍ថាកំពុងស្ថិតនៅទីឋានមួយដ៏មនោរម្យ រំសាយអស់នូវរាល់ទុកកង្វល់បន្សល់ទុកនៅស្នាមញញឹមពោរពេញដោយក្ដីសុខផ្លូវចិត្តខុសពីធម្មតា ៕