ទប់អារម្មណ៍លែងជាប់ហើយ! ដងស្ទឹងសៀមរាបតុបតែងលម្អ រំលេចពណ៌ចម្រុះយ៉ាងឆើតឆាយ
រដ្ឋបាលខេត្តសៀមរាប ដោយមានការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និង សាខាកាកបាទក្រហមកម្ពុជា បាននឹងកំពុងរៀបចំ តុបតែងលម្អស្ទឹងសៀមរាប ដើមី្បធ្វើឲ្យមានសោភ័ណភាពកាន់តែស្រស់ត្រកាលក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី ១៧-២១ ខែសីហា ឆ្នាំ ២០២០ ខាងមុខនេះ តាមបណ្តោយស្ទឹងសៀមរាប ចាប់ពីអតីតស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់ ។ នេះបើតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តសៀមរាប ។
ការរៀបចំលម្អស្ទឹងនេះដែរ គឺត្រូវរៀបចំយ៉ាងណា ដើមី្បរំលេចនូវសោភ័ណភាពសម្រស់បៃតងនៅតាមដងស្ទឹង និង រុក្ខវិថីនានាក្នុងក្រុង នាពេលរាត្រីឲ្យកាន់ តែមានការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
យ៉ាងណាក្ដីរដ្ឋបាលខេត្តសៀមរាប ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យអនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ស្តីពីការពង្រឹងការអនុវត្តវិធានការការពារតាមគោលការណ៍របស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការរាលត្បាតជំងឺកូវីដ ១៩ ក្នុងអំឡុងពេលឈប់សម្រាក ៕