តំបន់លំហែកាយឆ្នេរមាស ឆ្នេរប្រាក់ មានទេសភាពស្រស់បំព្រង
បច្ចុប្បន្ននេះ មានភ្ញៀវទេសចរមួយចំនួនមានអារម្មណ៍ស្មុគ្រស្មាញ នៅពេលទៅដល់ខេត្តព្រះសីហនុមិនដឹងជាទៅលេងឆ្នេរសមុទ្រណានោះទេ ព្រោះតែឆ្នេរអូរឈើទាលពេញណែន ដោយភ្ញៀវទេសចររកកន្លែងចូលលេងមិនបាន ។ សូមកុំបារម្ភ លោកអ្នកអាចនាំគ្នាទៅលេងនៅតំបន់លំហែកាយឆ្នេរមាស ឆ្នេរប្រាក់ នៅតំបន់រាម ខេត្តព្រះសីហនុបាន ដោយនៅទីនោះ មានទេសភាព និងបរិយាកាសល្អទៀតផង ។
តំបន់លំហែកាយឆ្នេរមាសឆ្នេរប្រាក់នៅតំបន់រាម ខេត្តព្រះសីហនុមានចម្ងាយជិត ៣០ គីឡូម៉ែត្រពីទីរួមខេត្ត បើធ្វើដំណើរពីភ្នំពេញដល់ផ្សារស្មាច់ដែងហួសបន្តិចមានផ្លូវបត់ឆ្វេងចូលទៅរាមប្រមាណជាជាមួយគីឡូម៉ែត្រ មានផ្លូវកៅស៊ូបត់ទៅឆ្វេងតាមផ្លូវនោះ ចូលទៅក្នុងត្រង់ គេនឹងទៅដល់ទីរមណីយដ្ខានដ៏ស្រស់ត្រកាលនោះជាមិនខាន ។
នៅអមសងខាងផ្លូវមានដើមឈើខ្ពស់ៗមានម្លប់ត្រឈឹងត្រឈៃ ហើយពេលទៅដល់តំបន់លំហែកាយឆ្នេរមាស ឆ្នេរប្រាក់នោះ គេនឹងមានអារម្មណ៍រីករាយស្រស់ថ្លា ជាមួយនឹងទេសភាពព្រមទាំងបរិយាកាសបរិសុទ្ធនៅមាត់ សមុទ្រ ។ នៅទីនោះ មានកន្លែងអង្គុយ និង លក់ម្ហូបអាហារទៅតាមការកំម៉ង់របស់ភ្ញៀវ ។
នៅទីនោះ ក្រុមហ៊ុនរបស់ចិនបានបោះទុនប្រមាណជាង ៣ ពាន់លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍន៍តំបន់ឆ្នេរមាស ឆ្នេរប្រាក់នៅខេត្តព្រះសីហនុ ដែលគ្របដណ្ដប់លើផ្ទៃដីទំហំ ៣៣៧ ហិកតា ។តាមគម្រោងនៅតំបន់នោះ ក្រុមហ៊ុននឹងបង្កើតជាមជ្ឈមណ្ឌលវិស្សមកាលលំហែកាយទេសចរណ៍អន្តរជាតិ, ទីតាំងសន្និសីទនៃវេទិកាប្រជុំហិរញ្ញវត្ថុ, សោធននិវត្តន៍អន្តរជាតិ, មន្ទីរពេទ្យ, មហាវិទ្យាល័យសុខាភិបាល, មគ្គុទេសក៍ទេសចរ, សណ្ឋាគារលំដាប់ផ្កាយ៥ និង បង្កើតជាតំបន់សម្បទានទេសចរណ៍ធំបំផុតនៅកម្ពុជា ។
ចង់ដឹងថា ទេសភាពនៅទីនោះមានភាពស្រស់ស្អាតយ៉ាងណានោះ សូមទស្សនាកម្រងរូបភាពខាងក្រោមនេះ ៕ ដេវីត