ប្រវែងព្រៃនប់ជិះមួយវឹងសោះ មិនគួរអត់ដឹងមានទឹកជ្រោះស្អាតខ្លាំង ផ្លូវក៏ស្រួលជិះ
ថ្មីៗនេះអ្នកទេសចរកំពុងបុកទៅលេងទឹកជ្រោះមួយកន្លែងនៅស្រុកព្រៃនប់ខេត្តព្រះសីហនុ ជាតំបន់ធម្មជាតិមួយ នៅជិតបង្កើយមិនឆ្ងាយប៉ុន្មាន ប៉ុន្តែហាក់មិនសូវមានអ្នកស្គាល់ច្រើនឡើយ ។
នៅទីនោះមានទឹកជ្រោះហូរគ្រឹកគ្រាក់ ធ្លាក់តាមផ្ទាំងសិលា ពីមួយកាំទៅមួយកាំ បង្កើតបានជាទិដ្ឋភាពដ៏ស្រស់ស្អាត អាចងូតលេងត្រជាក់កាយ ជ្រាបដល់បេះដូង ។ ក្រៅពីមានទឹកជ្រោះដ៏ស្រស់ស្អាតក៏មានព្រៃព្រឹក្សាត្រឈឹងត្រឈៃ អាចធ្វើជាម្លប់អង្គុយសម្រាកលម្ហែកាយឱ្យរលាយទុក្ខព្រួយហ្មងសៅឱ្យរសាត់បាត់ឆ្ងាយទៅ ។
បើតាមអ្នកដែលធ្លាប់ទៅទីនោះ បានឱ្យដឹងថា ទឹកធ្លាក់ព្រៃនប់ មានទីតាំងស្ថិតនៅភូមិព្រៃនប់ ខេត្តព្រះសីហនុ ស្ថិតនៅក្នុងចម្ការឯកឧត្ដម លូ គឹមឈុន ។ តាមព័ត៌មានដែល «ប្រជាប្រិយ» ទទួលបានភ្ញៀវដែលទៅទីនោះនឹងត្រូវយកថ្លៃម៉ូតូ ២០០០រៀល និងថ្លៃរថយន្ត ៤០០០រៀល ។ ចំពោះអាហារវិញនៅច្រកផ្លូវចូលមានលក់ម្ហូបអាហារច្រើន ហើយចូលទៅដល់ក្នុងមានលក់ដែរតែតិចតួចប៉ុណ្ណ៉ យកល្អប្រិយមិត្តគួរវេចខ្ចប់អាហារពីផ្ទះល្អជាង ៕
រូបភាព៖ ទេសចរណ៍-Tourism