ណាត់ Crush ទៅ! ដាក់តែកន្ទេលមួយ បាយមួយឆ្នាំង ទៅស្រូបវីតាមីន Sea ឆ្នេរថ្មីមួយកន្លែងនៅកោះកុងស្អាតខ្លាំង
ឱ្យតែដល់ថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាកណាមួយ ប្រិយមិត្តតែងតែរិះរកកន្លែងណាស្អាតៗ ដើម្បីលម្ហែអារម្មណ៍ បំបាត់នូវភាពស្មុគ្រស្មាញ អនុញ្ញាតឱ្យខួរក្បាលជម្រុះនូវរឿងរ៉ាវអាក្រក់ៗចេញ ប៉ុន្តែពេលខ្លះមិនដឹងទៅទីណា ដែលស្អាត ប្លែក ហើយមិនទាន់មានគេទៅលេងច្រើន ។
ថ្ងៃនេះ «ប្រជាប្រិយ» សូមណែនាំប្រិយមិត្តទៅលេងនៅ ឆ្នេរនេសាទ វិញម្ដង ។ នៅពេលឮឆ្នេរនេសាទ ប្រិយមិត្តប្រាកដជាគិតថា មិនមែនជាឆ្នេរថ្មីអ្វីនោះឡើយ តែកុំទាន់អាលសន្និដ្ឋាន ។ កន្លែងដែល «ប្រជាប្រិយ» ណែនាំនេះ ជាឆ្នេរដែលស្ថិតនៅតាមជួរឆ្នេរនេសាទដែរ ចន្លោះខេត្តកោះកុង និងព្រះសីហនុ ។ វានៅដាច់ឆ្ងាយពីឆ្នេរដែលគេតែងទៅលេងកម្សាន្តជាប្រចាំ ហើយមិនទាន់មានការអភិវឌ្ឍជាកន្លែងទេសចរឡើយ មានតែអ្នកភូមិនេសាទប៉ុណ្ណោះ ដែលទៅដល់ដើម្បីនេសាទត្រី ។
ដើម្បីទៅដល់ទីនោះប្រិយមិត្តត្រូវធ្វើដំណើរចេញពីស្អានស្រែអំបិល ឆ្ពោះទៅកាន់ភូមិនេសាទ ដែលមានប្រវែងសរុបប្រមាណជាង ១៨ គីឡូម៉ែត្រពីផ្លូវជាតិ។ យើងបន្តដំណើររហូតដល់ភូមិនេសាទ តាមផ្លូវលំ នៅពេលទៅដល់ក្នុងភូមិ ប្រិយមិត្តអាចមើលតាមផែនទី (Google Map) ដើម្បីរកផ្លូវទៅកាន់ឆ្នេរដែលមិនមានមនុស្សទៅដល់នោះ ។
យើងត្រូវធ្វើដំណើរកាត់ភូមិនេសាទ និងជិះកាត់ចម្ការអ្នកភូមិ ប្រហែលជាង ២ គីឡូម៉ែត្រ ទើបទៅដល់ឆ្នេរនេះ ។គួរឱ្យដឹងថា ដោយសារតែមិនទាន់មានការអភិវឌ្ឍនៅទីនោះ គ្របដណ្ដប់ដោយសំរាមតាមច្រាំងរាប់ពាន់តោន ប៉ុន្តែលើឆ្នេរមានវាលខ្សាច់ស្អាតខ្លាំង យើងអាចអាំងសាំង អង្គុយស្រូបវីតាមីន Sea គយគន់ថ្ងៃរៀបលិច ជាពិសេសនោះ គឺឃើញពីការនេសាទផ្ទាល់ៗរបស់អ្នកភូមិតែម្ដង ៕