ចាំស្ងាត់កូវីដ ១៩ មែនទែន ចាំឡើងទៅលេងភ្នំថ្មដ៏មហិមា «ណាមលៀ» នៅខេត្តមណ្ឌលគិរីម្តង ទេសភាពស្អាតខ្លាំង!
ខេត្តមណ្ឌលគិរីជាខេត្តមួយនៅភាគឦសានប្រទេសកម្ពុជា មានសក្តានុពលទេសចរណ៍យ៉ាងខ្លាំង និង មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិរាប់មិនអស់ ដែលភ្ញៀវទេសចរទាំងឡាយអាចជ្រើសរើសយកការធ្វើដំណើរទៅកម្សាន្តតាមចំណង់ចំណូលចិត្តរៀងៗខ្លួនបាន ហើយប្រសិនបើលោកអ្នកចូលចិត្តធ្វើដំណើរផ្សងព្រេងជាមួយធម្មជាតិនោះ គួរសាកល្បងធ្វើដំណើរទៅខេត្តមណ្ឌលគិរីនេះ វាពិតជាធ្វើឱ្យលោកអ្នកមានអារម្មណ៍ប្លែកជាមិនខាន ។
ក្នុងចំណោមរមណីដ្ឋានធម្មជាតិទាំងអស់នោះ មានភ្នំថ្មធម្មជាតិដ៏ល្បីល្បាញ និង ធំមហិមាមួយកន្លែងឈ្មោះ «ណាមលៀ» ដែលភ្នំនេះទទួលបានការចាប់អារម្មណ៍ និង មានអ្នកទេសចរទៅកម្សាន្តឡើងលេងជាច្រើននាពេលកន្លងមក ដោយសារតែវាមានទេសភាពធម្មជាតិយ៉ាងស្រស់ត្រកាល និង ពោរពេញដោយខ្យល់អាកាសល្អបរិសុទ្ធថែមទៀត បើសិនបានឡើងទៅកម្សាន្តលើភ្នំនោះហើយ នឹងធ្វើឱ្យអារម្មណ៍កង្វល់ផ្សេងៗរសាយបាត់អស់ នាំតែភាពរីករាយ និង អារម្មណ៍ល្អមកវិញ ។
ជាក់ស្តែងក្រុមយុវជនមួយក្រុមកាលពីពេលកន្លងទៅនេះ បានបង្ហោះពីដំណើរកម្សាន្តរបស់ពួកគេនៅភ្នំ «ណាមលៀ» ដែលពោរពេញទៅដោយភាពសប្បាយរីករាយយ៉ាងខ្លាំងជាមួយទេសភាព និង ភាពទាក់ទាញនៃភ្នំថ្មធម្មជាតិមួយនេះ ក្នុងនោះយុវជនម្នាក់មានឈ្មោះក្នុងគណនីហ្វេសប៊ុក Sara Vuth បានសរសេរបង្ហោះថា «ចាំចប់រឿងកូវីដ ១៩ សាកបបួលគ្នាឡើងភ្នំ «ណាមលៀ» ម្តងមើល តែ 50km ពីទីរួមខេត្តមណ្ឌលគិរី ហើយកុំភ្លេចរើសថ្មពីក្រោមម្នាក់មួយដុំយកទៅដាក់បន្តុបលើកំពូលភ្នំផងដើម្បីបញ្ជាក់ថាយើងបានទៅដល់កំពូលភ្នំហើយ ។ ជាមួយគ្នានោះ យុវជនរូបនេះក៏បានបញ្ជាក់ទៀតដែរថា ភ្នំចោតខ្លាំងណាស់សូមប្រុងប្រយ័ត្នផង ហើយដាច់ខាតកុំខុសមាត់ខុសកឱ្យសោះ ។
គួរឱ្យដឹងដែរថា ភ្នំថ្មធម្មជាតិ «ណាមលៀ» មានកម្ពស់ប្រមាណ ១,០៦៦ ម៉ែត្រ មានទីតាំងនៅភូមិប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី ស្ថិតនៅចម្ងាយប៉ុន្មានជាង ២០ គីឡូម៉ែត្រ ពីទឹកជ្រោះប៊ូស្រា និង ៥០ គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី ៕
រូបភាពផ្តល់ដោយ ៖ លោក Sara Vuth