ថ្មីចែស រមណីយដ្ឋាន «ភូមិទឹក» នៅស្អាងភ្នំ ឃើញហើយចងទៅថតរូបភ្លែត!
ប្រសិនបើលោកអ្នកចង់រកកន្លែងសម្រាក់លម្ហែកាយមិនបាច់ទៅណាឆ្ងាយឡើយ គឺទៅរមណីយដ្ឋាន ភូមិទឹក មានចម្ងាយត្រឹមតែជាង ២០ គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ ចំណាយពេលតែ ៣០ នាទីនឹងបានដល់រមណីយដ្ឋានភូមិទឹកនោះជាមិនខាន ។
រមណីយដ្ឋានភូមិទឹកនេះមានទីតាំងស្ថិតនៅក្នុងភូមិព្រែកស្លែង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ បើភ្ញៀវទេសចរចង់ទៅទស្សនានៅរមណីយដ្ឋានភូមិទឹកត្រូវធ្វើដំណើរពីភ្នំពេញ ដោយធ្វើដំណើរកាត់តាមផ្លូវជាតិលេខ ២១ ដល់សាលាស្រុកស្អាង រួចបត់ស្តាំ ឆ្ពោះទៅស្អាងភ្នំនឹងបានដល់សួនកម្សាន្តមួយកន្លែង ដែលមានទីតាំងស្ថិតនៅជិតស្អាងភ្នំតែម្តង ។
រមណីយដ្ឋានភូមិទឹកនេះមានចំណុចសំខាន់ទាក់ទាញភ្ញៀវជិតឆ្ងាយឱ្យទៅកម្សាន្តសម្រាកលម្ហែកាយ ជាពិសេសក្នុងរដូវក្តៅ ។ ដូចនេះភ្ញៀវទេសចរទាំងឡាយត្រូវការកន្លែងសម្រាកលម្ហែកាយ ដែលត្រជាក់មានម្លប់ឈើត្រជាក់ និង សួនច្បារបែបជនបទជាក់ជាមិនខានដូចនេះហើយ ទើបម្ចាស់រមនីយដ្ឋានជីកប្រឡាយទឹកមួយនៅចំកណ្តាលបរិវេណភូមិទឹក អមដោយខ្យុសអង្គុយលេងធំទូលាយសង់លើមាត់ទឹក ថែមទាំងមានទឹកបាញ់ឳ្យត្រជាក់ពីខាងលើដំបូលសម្រាប់ភ្ញៀវដើម្បីទប់ទល់នឹងអាកាសធាតុក្តៅនៃរដូវប្រាំងថែមទៀតផង ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ ក្រៅពីប្រឡាយទឹកដ៏ស្រស់ស្អាត នៅត្រង់ផ្លូវចូលមានដាំផ្កាធម្មជាតិចម្រុះពណ៌ ជាច្រើនដូចជា ពណ៌ស្វាយ ពណ៌ត្របែកព្រៃ ពណ៌ស៊ីជម្ពូ ពណ៌ស ពណ៌លឿង និង ពណ៌ក្រហម យ៉ាងស្រស់ស្អាត ។
ក្រៅពីបរិយាកាសធម្មជាតិ ដែលបានកែច្នៃយ៉ាងស្រស់ស្អាតហើយនោះ រមណីយដ្ឋាន ភូមិទឹក ក៏មានបម្រើនូវម្ហូបអាហារបែបស្រុកស្រែ រួមមាន មាន់ដុត ត្រីបំពង កង្កែបអាំង សម្លម្ជូរគ្រឿង សម្លម្ជូរស្រែ សម្លស្ងោរជ្រក់ សម្លកកូរ សម្លម្ជូរព្រៃ ឆាក្តៅសាច់មាន់-សាច់គោ-កង្កែប ។ល។ ក្នុងតម្លៃសមរម្យទៀតផង ។ ប្រសិនបើភ្ញៀវទេសចរចង់ទៅលំហែកាយនៅរមណីយដ្ឋាន ភូមិទឹកអាចទាក់ទងតាមលេខទូរស័ព្ទទាំងនេះ៖ ០៧៨ ៧០ ៨២ ៩២ និង ០៩៦ ៣៣៣ ០០០ ៩ ៕