មិនបាច់ទៅលេងណាឆ្ងាយ ទៅត្រឹមរមណីយដ្ឋានចម្ការរីករាយនៅគីរីរម្យ សប្បាយកប់
ប្រសិនបើ លោកអ្នក ឬ ភ្ញៀវទេសចរ មិនចង់ទៅលំហែកាយនៅកន្លែងឆ្ងាយៗ លោកអ្នកអាចទៅលំហែកាយនៅរមណីយដ្ឋានចម្ការរីករាយ នៅគីរីរម្យ ក៏អាចធ្វើឱ្យលោក អ្នកមានភាពសប្បាយរីករាយ មិនចាញ់ទៅកម្សាន្តនៅ ភូមិភាគឥសាន្តឡើយ ។
ភ្ញៀវទេសចរមួយចំនួន ដែលទៅលំហែកាយ នៅគិរីរម្យមិនសូវមានអ្នកបានទៅដល់ទីនោះច្រើនឡើយ ។ ប៉ុន្តែបើបានទៅដល់ទីនោះម្តង ពិតជាធ្វើឱ្យភ្ញៀវទេសចរ មានការភ្ញាក់ផ្អើលជាមិនខាន ជាមួយសម្រស់ធម្មជាតិ ប្រៀបដូចជាឋានសួគ៌ ។ រមណីយដ្ឋានចម្ការរីករាយនេះ មានទីតាំងស្ថិតនៅជើងភ្នំគិរីរម្យ នៅជិតគ្នាបង្កើយពីរមណីយដ្ឋានគិរីរម្យ នៅទីនោះមានសួនដំណាំចម្រុះគ្នាពណ៌បៃតងខ្ចីគ្រប់រដូវកាល និង បានផ្តល់ម្លប់យ៉ាងត្រជាក់ចិត្ត សម្រាប់ភ្ញៀវទេសចរ ។
នៅក្នុងបរិវេណនោះ មានបឹងកាឡូ ចម្ការរីករាយ នៅជើងភ្នំគិរីរម្យ មានទេសភាពយ៉ាងស្រស់ស្អាត មានឈើហូបផ្លែគ្រប់ប្រភេទ ត្រូវបានម្ចាស់រមណីយដ្ឋានរៀបចំជាសួនច្បារ ជាស្រះ ត្រពាំង រោងទទួលទានអាហារជាដើម ។ ក្រៅពីនេះ នៅរមណីយដ្ឋានចម្ការរីករាយ គេសង្កេតឃើញមានភ្ញៀវទេសចរ ចូលសម្រាកលំហែកាយ ជាហែរហូរឥតដាច់ ហើយក៏មានភ្ញៀវទេសចរខ្លះបានទៅបោះតង់អាំងសាច់ មើលផ្កាយ នាពេលរាត្រីយ៉ាងសប្បាយរីករាយផងដែរ ៕
(រូបថត៖ ចំការរីករាយ គីរីរម្យ )