ទឹកជ្រោះ អូរតាវិញ នៅឧទ្យានជាតិវីរ:ជ័យ មានទេសភាពទាក់ទាញខ្លាំង
ការបង្ហាញ រូបថត ទឹកជ្រោះ អូរតាវិញនៃឧទ្យានជាតិវីរ:ជ័យ របស់ មន្ទីរបរិស្ថានខេត្តរតនគិរី ពិតជាមានការទាក់ទាញយ៉ាងខ្លាំង ដែលធ្វើឱ្យភ្ញៀវទេសចរបានឃើញហើយ ចង់ទៅលំហែកាយភ្លាម ។
ទឹកជ្រោះ អូរតាវិញ ភ្ញៀវទេសចរអាចទៅកម្សាន្តបាន ដោយធ្វើដំណើរ ដោយម៉ូតូ និង បន្តដំណើរដោយថ្មើរជើងបន្តទៀតទើបបានទៅដល់គោលដៅ ។ ក្រៅពីងូតទឹកជ្រោះយ៉ាងត្រជាក់ដល់ឆ្អឹងខ្នងហើយនោះ លោកអ្នកអាចដើរមើលធ្មជាតិ នៅឧទ្យានជាតិវីរៈជ័យបាន ហើយនៅពេលរាត្រីភ្ញៀវទេសចរ អាចនាំគ្នា បោះតង់ សម្រាកនៅទីនោះដើម្បីមើលហ្វូងផ្កាយ ស្តាប់សម្លេងសត្វយំ សម្លេងទឹកហូរ បង្កើតបានជាតន្រ្តីយ៉ាងពីរោះរណ្តំចិត្ត ដោយមាន មន្ត្រីឧទ្យានុរក្សជាអ្នកនាំផ្លូវ និង ការពារសុវត្ថិភាពជូន ។
ឧទ្យានជាតិវិរៈជ័យមានទីតាំងនៅភាគឦសាន្តនៃប្រទេសកម្ពុជាបានលាតសន្ធឹងគ្របដណ្តប់ខេត្តរតនគិរី និង ស្ទឹងត្រែង ។ ឧទ្យានជាតិនេះមានព្រំប្រទល់ជាប់ប្រទេសលាវ និង វៀតណាមហើយមានផ្ទៃក្រឡា ៣ ៣២៥ គីឡូម៉ែត្រក្រឡា ។ ឧទ្យានជាតិវិរៈជ័យ ត្រូវបានគេចាត់ទុកជាដែនជម្រកមួយសម្រាប់ពពួកថនិកសត្វធំៗរបស់ប្រទេសកម្ពុជា មានដូចជាខ្ទីង ទន្សោង ក្របីព្រៃ ដំរី ខ្លាដំបង ខ្លារខិន ជាដើម ។
ទឹកជ្រោះ អូរតាវិញស្ថិតនៅក្នុងឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ប្រសិនបើភ្ញៀវទេសចរជាតិ និង អន្តរជាតិមានការចាប់អារម្មណ៍ ចង់ទៅលំហែកាយនៅទីនោះ អាចទាក់ទងទៅកាន់មន្ទីរបរិស្ថានខេត្តរតនគិរី ឬ តាមរយៈលេខទូរស័ព្ទន៖ ០៩៧ ៧៣០០៩៧៩ /០៩៧៣៣៣៤៧៧៥ ៕