បានទៅកំពត កុំភ្លេចទៅលេងទឹកជ្រោះឪម៉ាល់ កម្ពស់ជាង ១០ ម៉ែត្រ ធម្មជាតិស្រស់បំព្រង ស្អាតណាស់
បើបានទៅទស្សនាដល់ទឹកដីខេត្តកំពតនោះ ភ្ញៀវទេសចរ គួរចំណាយពេលវេលាខ្លះ ទៅមើលទិដ្ឋភាពដ៏ស្រស់ត្រកាល នៃដំណាំចម្ការជាច្រើនប្រភេទ នៅតាមខ្នងភ្នំលើទឹកដីសម្បូរចម្ការទុរេន គឺជាទស្សនីយភាពដ៏ទាក់ទាញបំផុត មុនពេលទៅដល់ទីរមណីយដ្ឋានទឹកជ្រោះធម្មជាតិឪម៉ាល់។
ទឹកជ្រោះឪម៉ាល់ កម្ពស់ជាង ១០ ម៉ែត្រ នៅរដូវវស្សា តែនៅរដូវប្រាំងវិញមិនសូវមានទឹកឡើយ ប៉ុន្តែអ្វីដែលគួរជាទីចាប់អារម្មណ៍នោះ នៅកន្លែងទឹកធ្លាក់ បានរំលេចចេញជាផ្ទាំងថ្មយ៉ាងស្អាត គួរជាទីគយគន្ធ នៅជុំវិញនោះមានព្រៃដុះឡោមព័ទ្ធ ជុំជិត និង ចម្ការដំណាំទុរេន សាវម៉ាវ ក្រូចឆ្មារ ចេក ស្វាយចន្ទីជាជួរៗតាមជម្រាលភ្នំ ក្បែរៗនោះ បានផ្ដល់ម្លប់ជំនួសព្រៃព្រឹក្សាត្រូវបានបំផ្លាញអស់កាលពីជាង ១០ ឆ្នាំមុន ។ ជ្រោះឪម៉ាល់ ស្ថិតនៅក្នុង ភូមិជ្រោះឪម៉ាល់ ឃុំប៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្ដកំពត ។
ភ្ញៀវទេសចរ ធ្វើដំណើរ ៤ គីឡូម៉ែត្តពីភូមិអ្នកស្រុកទើបដល់ ដោយ ផ្ដើមដំណើរថ្មើរជើងពីចុងភូមិជាមួយនឹងសម្ពាយទឹក ឬម្ហូបចំណី រួចឆ្ពោះតាមផ្លូវតូចដែលត្រូវបានត្រួសត្រាយយ៉ាងស្អាតសម្រាប់ដឹកជញ្ជូនកសិផលរបស់អ្នកស្រុកទៅកាន់ខ្នងភ្នំ ៕