អ្នកកំពង់ឆ្នាំងបានទៅលេងឬនៅ? ទំនប់ទឹក ២០ឧសភា សំបូរអ្នកទៅលេង ហើយប្រាប់ថាសប្បាយណាស់
មិនថា តែនៅរដូវប្រាំង ឬ វស្សាឡើយ ទំនប់ទឹក ២០ ឧសភា ក្លាយជាកន្លែងលំហែកាយចុងសប្តាហ៍គ្រប់រដូវកាល គ្រាន់តែនៅរដូវប្រាំងទឹកមិនសូវសម្បូរដូចនៅរដូវវស្សាតែប់ុណ្ណោះ ។ ឱ្យតែពេលរសៀលចូលមកដល់ គេសង្កេតឃើញ ភ្ញៀវទេសចរ ក៏ដូចជាអ្នកស្រុកដែលរស់នៅក្បែរៗនោះ បាននាំគ្នាទៅលំហែកាយ និង អ្នកខ្លះទៅនេសាទត្រី ឬ បង់សំណាញ់ អាំងត្រី ពិសារអាហារជួបជុំមិត្តភក្តិយ៉ាងសប្បាយរីករាយ ។
ទំនប់ទឹក ២០ ឧសភា ស្ថិតនៅក្នុង ភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានចម្ងាយប្រមាណជា ១៧ គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង ។ រយៈពេល ៥ ឆ្នាំចុងក្រោយនេះ ទំនប់ទឹក ២០ ឧសភា បានក្លាយជារមណីយដ្ឋានទេសចរណ៍ ដ៏ទាក់ទាញមួយ ដោយនៅចុងសប្តាហ៍មានមនុស្សម្នាទៅលេងច្រើន ។
ទំនប់ទឹក ២០ ឧសភា នេះ ត្រូវបានកសាងឡើង នៅក្នុងរបប ប៉ុល ពត នៅអំឡុង ឆ្នាំ ១៩៧៧-១៩៧៨ ដោយមានសំណង់ទ្វារទឹកធំៗ ចំនួន៣ កន្លែង និង សំណង់ទ្វារទឹកតូចៗចំនួន ៥ កន្លែងទៀត នៅលើខ្នងទំនប់ប្រមាណ ២ ០០០ ម៉ែត្រ។ ក្រោយពីរងការខូចខាត ទំនប់ទឹកនេះ ត្រូវបានជួសជុលឡើងវិញ ហើយអាចស្តុកទឹករាប់លានម៉ែត្រគូប ដែលហូរចេញមកពី ស្ទឹងស្រះអង្កាម ហើយអាចផ្គត់ផ្គង់ទឹកធ្វើចម្ការ និង ស្រែប្រាំងរបស់ប្រជាពលរដ្ឋបានរាប់ពាន់ហិកតា ។
លោក អ៊ុក ញ៉ុន ប្រធានសហគមន៍ទំនប់ទឹក ២០ ឧសភា បានឱ្យដឹងថា ក្រៅពីបម្រើឱ្យវិស័យកសិកម្ម ទំនប់ទឹក ២០ ឧសភា បានក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏ពេញនិយមមួយ ដោយមានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានទៅធ្វើរោងលក់ដូរនំចំណី ភេសជ្ជៈ គ្រឿងក្លែម នៅតាមខ្នងទំនប់ជាហូរហែ និង មានទាទឹកសម្រាប់ជិះលេងកម្សាន្តនៅក្នុងទំនប់ទឹកនោះទៀតផង ៕