អូរសោម ជាតំបន់ទេសចរណ៍ធម្មជាតិតែមួយគត់នៅកម្ពុជា ដែលអាចទស្សនាក្រពើភ្នំ
អូរសោម ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ស្រស់បំព្រង ដែលសត្វក្រពើភ្នំ នៅមានសេសសល់ចុងក្រោយ ក្នុងប្រទេសកម្ពុជា បើភ្ញៀវទេសចរចង់ទៅទស្សនា ប្រភេទសត្វដែលជិតផុតពូជ នៅលើលោកមួយប្រភេទនេះ មានតែទៅទស្សនានៅអូរសោមផ្ទាល់ ។
អូរសោម ជាកន្លែងដែលមាននៅសេសសល់ចុងក្រោយនៃសត្វក្រពើភ្នំ ។ យ៉ាងណាមិញ អូរសោមមានទីតាំងស្ថិតនៅ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និង មានចម្ងាយប្រហែល ១៦២ គីឡូម៉ែត្រ ពីក្រុងពោធិ៍សាត់ ។ អូរសោមស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ ទឹកជ្រោះ ឬទឹកធ្លាក់ កសិដ្ឋាន ឬ ចំការ ព្រៃភ្នំ និង ជាអេកូទេសចរណ៍ដ៏សំខាន់មានតែមួយគត់នៅកម្ពុជា គឺ ទស្សនាក្រពើភ្នំ ។
បើចង់ទៅទស្សនា ក្រពើភ្នំ នៅអូរសោម ភ្ញៀវទេសចរត្រូវចំណាយពេលយូរបន្តិច ឬ ក៏អាចទៅសម្រាកនៅក្នុងព្រៃ ដោយមានប្រជាសហគមន៍ជាអ្នកនាំផ្លូវ ទើបអាចមើលក្រពើភ្នំនេះឃើញ និង ធានាសុវត្ថិភាពទៀតផង ។ ដំណើរផ្សងព្រេង មើលក្រពើភ្នំនៅអូរសោមនេះ ភាគច្រើនមានតែភ្ញៀវបរទេសទេ ដែលចូលចិត្តការទស្សនាបែបនេះ បើភ្ញៀវទេសចរខ្មែរវិញ មិនសូវមានច្រើនឡើយ នេះបើតាមការបញ្ជាក់ពីសហគមន៍ទេសចរណ៍អូរសោម ។
ប្រសិនបើភ្ញៀវទេសចរចង់ទៅទស្សនា ក្រពើភ្នំ នៅអូរសោម អាចទាក់ទងសហគមន៍ ដោយផ្ទាល់តាមលេខទូរស័ព្ទ៖ ០៨៩ ៨៩ ៩៨ ៩៥ ៕