នេះជា «សួនផ្កា» ហាមប្រើប្លាស្ទិកដំបូងគេនៅបាត់ដំបង បរិស្ថានស្អាត បុប្ផារីកចម្រុះពណ៌ដ៏ត្រកាល
សួនសន្តិភូមិ ទីកន្លែងកម្សាន្តថ្មីមួយទៀតហើយ នៅក្បែរជើងភ្នំសំពៅ កំពុងបង្អួតសម្រស់ផ្កាចម្រុះពណ៌ដ៏ស្រស់ស្អាត មានវាលស្រែហ៊ុមព័ទ្ធជុំវិញ ស្ងប់ស្ងាត់ល្អ គ្មានសំឡេងយានយន្តរំខានឡើយ ។ អ្វីដែលពិសេសនោះជាសួនដែលមានគោលការណ៍ហាមប្រើប្លាស្ទិកដំបូងគេទៀតផង ។
បើតាមម្ចាស់សួននេះតែម្ដងបានប្រាប់មកកាន់ «ប្រជាប្រិយ» ថា សួនសន្តិភូមិ ចាប់ផ្ដើមបើកដំណើរការទ្រង់ទ្រាយធំ កាលពីដើមឆ្នាំ ២០២០ ។ នៅទីនោះលោកប្រាប់ថា មានលក្ខណៈពិសេសជាច្រើនរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរ ដូចជា អាចមើលទិដ្ឋភាពថ្ងៃរៀបលិចយ៉ាងស្រស់ស្អាត មានវាលស្រែព័ទ្ធជុំវិញ បើនៅរដូវវស្សានឹងឃើញស្រែស្រូវ យ៉ាងខៀវស្រងាត់ ។ ភ្ញៀវអាចបោះតង់គេងបានដោយតង់ ១ តម្លៃត្រឹមតែ ៣ម៉ឺនរៀល អាចគេងបាន២ទៅនាក់ ។ មានភោជនីយដ្ឋានដែលចម្អិនដោយបន្លែដាំដុះនៅក្នុងសួនផ្ទាល់ ប្រើជីសិរីរាង្គ មានត្រី សាច់ ធម្មជាតិ ចិញ្ចឹមខ្លួនឯងស្រស់ៗ ។
ភ្ញៀវដែលទៅកម្សាន្តនៅទីនោះក៏អាចយកអាហារពីខាងក្រៅទៅខ្លួនឯងបានដែរ ។ យ៉ាងណាក្ដីបើតាមម្ចាស់សួនប្រាប់ថា នៅទីនោះគឺហាមមិនឱ្យមានការប្រើប្លាស្ទិកក្នុងបរិវេណសួនឡើយ ប៉ុន្តែបច្ចុប្បន្ននេះនៅមិនទាន់អាចអនុវត្តបានទាំងស្រុងនៅឡើយទេ ប៉ុន្តែលោកថានឹងធ្វើឱ្យបានសម្រេចនូវផែនការនេះ ។
សួនសន្តិភូមិ មានទីតាំងស្ថិតនៅខាងជើងភ្នំសំពៅ ប្រវែងប្រមាណជាង ១គីឡូម៉ែត្រពីភ្នំ ស្ថិតនៅភូមិគោកអំពិល ឃុំភ្នំសំមពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ៕
រូបភាព៖ សួនសន្តិភូមិ