អ្នកអត់មានស្នេហ៍ កុំទៅខ្វល់ ខែក្រោយព្រឹត្តិការណ៍រះចំកំពូលអង្គរស្អាតណាស់ ទៅម្នាក់ឯងក៏សប្បាយដែរ
នៅព្រឹកព្រលឹមស្រាងៗថ្ងៃទី ២១ មីនា ឆ្នាំ២០២០ ខាងមុខនេះព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តនឹងអាចកើតឡើងជាថ្មីម្ដងទៀត ។ នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏អស្ចារ្យបំផុតនៃប្រាសាទអង្គរវត្ត ហើយជារៀងរាល់ឆ្នាំភ្ញៀវទេសចររាប់ពាន់នាក់តែងរងចាំផ្ដិតយកនូវរូបភាពដ៏អច្ឆរិយនេះ ។
គួរឱ្យដឹងថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន ២ ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា ។ ព្រឹត្តិការណ៍ព្រះអាទិត្យនេះជាអច្ឆរិយការណ៍របស់អង្គរវត្ត មិនមែនជារបកគំហើញថ្មីនោះទេ តែជាបទសិក្សាដែលអ្នកស្រាវជ្រាវធ្លាប់បានធ្វើឡើងជាបន្តបន្ទាប់ខ្លះៗមកហើយ ។ បទសិក្សានោះ គឺស្វែងយល់អំពីទំនាក់ទំនងរវាងសំណង់ស្ថាបត្យកម្មបុរាណ និង តារាសាស្ត្រ ដើម្បីបញ្ជាក់ថា វាមិនមែនជាហេតុចៃដន្យ ឬជាអព្ភូតហេតុអ្វីនោះទេ តែនេះជាការដឹងជាមុនផ្នែកតារាសាស្រ្តនៃអ្នកប្រាជ្ញបុរាណដែលដឹកនាំកសាងប្រាសាទអង្គរវត្ត ៕