កោះទទឹង ទីកន្លែងលម្ហែកាយស្ងប់ស្ងាត់ គយគន់សម្រស់ធម្មជាតិដ៏ស្រស់ត្រកាល
កោះទទឹង ជាដែនកោះមួយមានទេសភាពយ៉ាងស្អាត ប៉ុន្តែមិនមានភ្ញៀវទេសចរច្រើនប៉ុន្មានឡើយ ដែលបានទៅដល់ និង បានស្គាល់ដែនកោះតូចមួយនេះ ។ កោះទទឹង នៅកណ្តាលសមុទ្រ នៃ ខេត្តកោះកុង កោះនេះមានទេសភាពស្រស់ស្អាតប្លែក គួរជាទីគយគន់ ប្រសិនបើលោកអ្នកបានទៅដល់ទីនោះ ពិតជាមិនធ្វើឱ្យលោក អ្នកខុសបំណងឡើយ ។
កោះទទឹង គឺជាកោះមួយ ដែលស្ថិតនៅក្នុងទឹកដី ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង បើនិយាយពីទេសភាពនៃដែនកោះនេះវិញ ពិតជាស្រស់ស្អាតមិនចាញ់កោះដទៃទៀតឡើយ ។ កោះទទឹង ស្ថិតនៅជិត កោះឆាន់ និង កោះស្ដេចផងដែរ ។ កោះនេះមានទំហំ តែ ០,៨ គីឡូម៉ែត្រការ៉េ ប៉ុណ្ណោះ ។ អ្វីៗហាក់លើសពីការស្មានទាំងអស់ ក្រោយពីបានទៅដល់ទីនោះ ។ ទឹកសមុទ្រថ្លាខៀវខ្ចីមើលឆ្លុះអស់វ៉ូងមច្ឆាជាមួយថ្ម និង ផ្កាថ្មជាច្រើន ដែលហាក់រៀបរាប់ពីសម្រស់សម្បត្តិធម្មជាតិដ៏ស្រស់ផូផង់របស់ប្រទេសកម្ពុជា ដែលមិនចាញ់បរទេសឡើយ ។ ទាំងនេះ ជាលក្ខណៈពិសេស សម្រាប់អ្នកចូលចិត្តការដើរលេង និង ទស្សនាកម្សាន្តជាមួយទេសភាពស្អាតៗបែបធម្មជាតិ និង មានភាពស្ងប់ស្ងាត់ សម្រាប់សម្រាក លំហែកាយពីភាពស្មុគស្មាញក្នុងការងារ ពិតជាមិនខុសបំណងឡើយ។
អ្វីដែលធ្វើឱ្យភ្ញាក់ផ្អើលទៀតនោះ គឺនៅលើដែនកោះតូចមួយនេះ មិនមានសេវាទូរសព្ទ ឬ អិនធើណេតប្រើប្រាស់ឡើយ អ្នកនៅទីនោះរស់នៅហាក់បីដូចសម័យបុរាណ ។ បើនិយាយពីសម្រស់ធម្មជាតិវិញ គឺ អ្វីៗនៅទីនោះហាក់បីដូចជាស្ថិតនៅក្នុងសភាពធម្មជាតិសុទ្ធសាត ដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និង អន្តរជាតិបានទៅទស្សនានៅទីនោះម្តងហើយ ចង់ទៅទស្សនាម្តងទៀត ។
ប្រសិនបើភ្ញៀវទេសចរចង់ទៅសម្រាកលំហែកាយ នៅលើដែនកោះទទឹងនោះគឺអាចទាក់ទងជាមួយ Take Me Tour តាមរយៈលេខ ទូរសព្ទ 077 773 928| 096 305 2527| 086 906 898 ៕
(រូបថតៈTake Me Tour)