នៅសារមន្ទីរមេគង្គ ខេត្តស្ទឹងត្រែង កន្លែងប្រជុំកុលាភាជន៍ខ្មែរ មានគ្រប់សម័យកាល
កុលាភាជន៍ និង វត្ថុប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃផ្សេងៗ ដែលមានអាយុកាលមិនតិចជាងរយឆ្នាំជាច្រើនប្រភេទ ដូចជាក្រឡ ឪទឹនស្រាមាត់តូច-មាត់ធំ ប៉ាន់តែ ត្រល់ ថាំងតែ ប្រអប់ស្លា ប្រណាកឆាកស្លា តុមកំបោរ ផ្តិលស្ពាន់ ជើងពាន និងកង់រទេះគោចាស់ៗជាដើម។ល។ ត្រូវបានប្រមូលទិញយកមករក្សាទុក ដោយម្ចាស់រមណីយដ្ឋានបក្សីមេគង្គរីសត៍ ដែលមានទីតាំងស្ថិតនៅប្របមាត់ទន្លេមេគង្គ ក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង តាមបណ្តោយផ្លូវជាតិលេខ៧ ឆ្ពោះទៅព្រំដែនឡាវ ពីស្ពានសេកុងប្រម៉ាណ ៣គីឡូម៉ែត្រ ។
កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមការងាររបស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ក៏បានទៅដល់ទីនោះ ក្នុងដំណើរនៃការសិក្សាស្ទង់មតិមួយ ស្តីអំពីការយល់ដឹងរបស់ប្រជានេសាទ ចំពោះបរិស្ថានអេកូឡូស៊ីនៃប្រភេទត្រីធំៗ ដែលមានរស់នៅក្នុងទន្លេមគង្គ និង កំពុងរងគ្រោះជិតផុតពូជ ។
លោក ថោង អូន អាយុ ៤៧ឆ្នាំ ជាម្ចាស់រមណីយដ្ឋានបក្សមេគង្គរីសត៍ បានឱ្យដឹងពីគោលបំណងរបស់លោកថា ការប្រមូលមករក្សាទុក (សមុច្ច័យកុលាលភាជន៍) ទាំងនេះ គឺដោយសារតែលោកចង់ចូលរួមថែរក្សាវត្ថុប្រើប្រាស់ដែលមានវ័យចំណាស់ទាំងនេះ ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានឃើញ និង ស្វែងយល់ ជាពិសេសជនបរទេសដែលគេចង់ដឹង ចង់ស្គាល់វប្បធម៌ និងអរិយធម៌របស់ខ្មែរយើងផងដែរ ។
បើតាមការប្រាប់ឱ្យដឹងពីលោក ថោង អូន ពីប្រវត្តិនៃកុលាលភាជន៍ទាំងនេះ គឺមានអាយុកាលមិនតិចជាងរយឆ្នាំឡើយ ។ កាលណោះមានអ្នកជំនួញស្រាឪទឹន បាននាំស្រាតាមទូកពីសមុទ្រចិនខាងត្បូង ចូលលក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងអំឡុងចុងសតវត្យរ៍ទី ១៨ និងដើមសតវត្យរ៍ទី ១៩ នៃគ្រឹស្តសករាជ ។
កុលាភាជន៍ និងវត្ថុប្រើប្រាស់ផ្សេងទៀត ដែលមានវ័យចំណាស់ទាំងអស់នេះ ត្រូវបានលោកប្រមូលទិញពីខេត្តកំពង់ចាម និងក្រចេះ សរុបទាំងអស់មានជាង ១ ០០០ មុខ។ គោលដៅបន្ទាប់របស់ម្ចាស់រមណីយដ្ឋានរូបនេះ គឺសាងសង់ជាសារមន្ទីរប្រចាំខេត្តស្ទឹងត្រែងមួយ ដោយដាក់ឈ្មោះថា «សារមន្ទីរមេគង្គ» ដោយកំណត់យកទីតាំងនៅក្នុង រមណីយដ្ឋានបក្សីមេគង្គតែម្តង។ វត្ថុទាំងអស់ដែលខ្ញុំបានប្រមូលទិញមកនេះ ត្រូវបានកត់ចូលក្នុងបញ្ជីរបស់មន្ទីរវប្បធម៌ខេត្ត ជាបេតិកភណ្ឌជាតិអស់ហើយ។
ខ្ញុំពុំមានសិទ្ធិលក់-ដូរវាទេ។ រាល់ការផ្លាស់ប្តូរ ចល័ត ការយកទៅដាក់តាំងបង្ហាញក្នុងពិព៌ណផ្សេងៗ ខ្ញុំត្រូវជូនដំណឹងទៅមន្ទីរវប្បធម៌ខេត្ត។ លោក ថោង អូន មានគម្រោងសាងសង់សារមន្ទីរមួយអំពីថ្ម នៅក្នុងរមណីយដ្ឋានបក្សីមេគង្គរីសត៍នេះតែម្តង។ បន្ទាប់ពីសាងសង់ហើយ ខ្ញុំនឹងលក់សំបុត្រឲ្យភ្ញៀវទេសចរណ៍ចូលទស្សនា។ លោក ថោង អូន មានប្រសាសន៍ថា៖«ចំពោះថវិកាដែលបានពីចំណូលនៃការលក់សំបុត្រនោះ ខ្ញុំនឹងបង្វែរទៅជួយផ្នែកមនុស្សធម៌វិញ ។ ខ្ញុំមិនយកទេ» ៕
(ប្រភពៈ Wonders of the Mekong)