ចង់គេចពីទីក្រុងចាំបាច់ទៅណាឆ្ងាយ! បឹងតាមោក នៅជិតភ្នំពេញបង្កើយ មើលទេសភាពថ្ងៃរៀបលិចស្អាតខ្លាំង
នៅពេលដែលគិតដល់រឿងធ្វើដំណើរកម្សាន្តបំបាត់ភាពធុញថប់ពីការងារ ការសិក្សាគ្នាយើងប្រាកដជានឹកទៅដល់បណ្ដាខេត្តឆ្ងាយៗដែលមានទេសភាពស្អាតៗ ប៉ុន្តែប្រសិនបើគ្រាន់តែចង់លម្ហែអារម្មណ៍មួយភ្លែត ទៅដកដង្ហើមវែងៗ ស្រូបយកខ្យល់អាកាសដ៏ល្អបរិសុទ្ធមិនចាំបាច់ទៅណាឆ្ងាយក៏បាន ។ កន្លែងមួយដែលប្រិយមិត្តអាចគយគន់ទឹកបឹងថ្លាឈ្វេងដាចកន្ទុយភ្នែក អាចមើលថ្ងៃរៀបលិចយ៉ាងស្រស់ស្អាត និងអង្គុយជុំគ្នាលេងយ៉ាងសប្បាយ ។ ទីនោះ គឺបឹងតាមោក ។
បឹងកប់ស្រូវ ឬបឹងតាមោកគឺជាបឹងមួយ ដែលនៅសល់ចុងក្រោយក្នុងចំណោមបឹងស្តុកទឹកធំៗនៅក្នុងរាជធានីភ្នំពេញ ដែលមិនទាន់មានពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ ។ ជាបឹងធម្មជាតិដ៏ធំបំផុតនៅក្នុងទីក្រុងហ៊ុមព័ទ្ធទៅដោយភូមិប្រជាជនរហូតដល់១៩ភូមិ និងសង្កាត់រហូតដល់ទៅ ៥ ដូចជា៖ សង្កាត់ពន្សាំង សង្កាត់ព្រែកព្នៅ សង្កាត់ពញាពន់ សង្កាត់សំរោង និង សង្កាត់ឃ្មួញ និង ២ខណ្ឌ ខណ្ឌព្រែកព្នៅ និង ខណ្ឌសែនសុខ ។
វាមិនគ្រាន់តែជាបឹងមួយដ៏ធំនោះទេ ប៉ុន្តែបឹងតាមោកពិតជាមានសារៈសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នោះ ។ ជាប្រភពទឹកដ៏សំខាន់សម្រាប់បង្កបង្កើនផល ស្រោចស្រពដំណាំ បន្លែ បង្កា និងអាចឱ្យប្រជាជននេសាទជាលក្ខណៈគ្រួសារផ្គត់ផ្គង់ជីវភាពទៀតផង ។
បឹងធម្មជាតិមួយនេះ ក៏ជាអាងស្តុកទឹកធំបំផុតនៅភាគខាងលិចឆៀងខាងជើង នៃរាជធានីភ្នំពេញ ខណៈដែលបច្ចុប្បន្នបឹងមួយចំនួនត្រូវបានអភិវឌ្ឍទៅជាទីក្រុងរណប ។ យ៉ាងណាបឹងមួយនេះត្រូវខណ្ឌចែកជាពីរផ្នែក គឺម្ខាងសម្រាប់បង្ហូរទឹកកង្វក់ចូល និងម្ខាងទៀតជាបឹងដែលមានទឹកស្អាតប្រជាជនអាចយកប្រើប្រាស់ និងជាកន្លែងមួយកំពុងពេញនិយមសម្រាប់ថ្ងៃចុងសប្ដាហ៍អាចសម្រាកលម្ហែកាយ អាំងសាច់ គយគន់ថ្ងៃរៀបលិចយ៉ាងស្រស់ស្អាតបំផុត ៕