កោះប៉ែន រំលេចទេសភាពស្អាតឥតខ្ចោះដូចផ្ទាំងគំនូរ ក្នុងពេលទឹកទន្លេមេគង្គចាប់ផ្ដើមស្រក
ស្ថិតនៅពាក់កណ្ដាលនៃដងទន្លេមេគង្គ កោះប៉ែន បានក្លាយជាកន្លែងសម្រាកលម្ហែកាយយ៉ាងស្រស់ស្អាតក្រៃលែង ។ ដើម្បីអាចបានទៅដល់ទីនោះ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមស្ពានឫស្សីមួយយ៉ាងវែងអន្លាយ ដែលអាចឱ្យអ្នកឃើញទិដ្ឋភាពដ៏ល្អឯកគយគន់មិនចេះជិនណាយ ។
មកដល់រដូវរំហើយនេះ ទឹកទន្លេមេគង្គចាប់ផ្ដើមចុះស្រកហើយប្រែទឹកឱ្យមកជាថ្លាឈ្វេងឃើញដល់បាតដី ។ ទីទួលផ្សេងៗនៅប្រជុំកោះប៉ែនចាប់ផ្ដើមរំលេចខ្លួនជាមួយខ្សាច់យ៉ាងម៉ត់ខៃ បង្កើតបានជាផ្ទាំងទស្សនីយភាពមួយបែបទៀតកាន់តែស្អាតទ្វេឡើង ។
តាមរយៈទំព័រហ្វេសប៊ុកផេក Susdey ដែលតែងតែផ្សព្វផ្សាយតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា បានបង្ហោះរូបភាពថ្មីៗនារដូវទឹកស្រកនៅកោះប៉ែន ពិតជាស្អាតក្រៃលែង ។ តាមរយៈរូបភាពទាំងនោះបានបង្ហាញឱ្យឃើញពីសម្រស់ខ្សាច់ទើបតែលេចឡើងក្រោយពីទឹកបានស្រកទៅនៅសល់ស្លាកស្នាមតាមទឹករលកពិតជាស្អាតខ្លាំង រកពាក្យថ្លាថ្លែងមិនត្រូវ ។
កោះប៉ែនដែលមនុស្សផងទាំងពួងបានស្គាល់គ្រប់ៗគ្នានោះ ស្ថិតនៅឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានទឹកទន្លេមេគង្គនៅព័ទ្ធជុំវិញទាំងរដូវប្រាំង និងវស្សា ៕
រូបភាពផ្ដល់សិទ្ធដោយ៖ Susdey