បានទៅដល់ប្រាសាទភ្នំដា កុំភ្លេចចូលទស្សនា សារមន្ទីរស្រុកអង្គរបុរី
ប្រសិនបើយើងបានទៅទស្សនាប្រាសាទភ្នំដាហើយគួរណាស់តែចំណាយពេល ១ ម៉ោងដើម្បីចូលទៅទស្សនាសារមន្ទីរស្រុកអង្គរបុរីម្តង ទើបដឹងពីរឿងរ៉ាវប្រវត្តិសាស្រ្តនៃកំណើត នគរគោកធ្លក សម័យព្រះបាទហ៊ុនទៀន និង ព្រះនាងលីវយី ។ សារមន្ទីរស្រុកអង្គរបុរីសម្បូរទៅដោយវត្ថុបុរាណជាច្រើនបានបើកឱ្យភ្ញៀវទេសចរណ៍ជាតិ និង បរទេស ចូលទស្សនារាល់ថ្ងៃ ហើយភ្ញៀវជាតិចូលទស្សនាដោយអត់គិតថ្លៃផង។
លោក ជា សម្បត្តិ ប្រធានការិយាល័យ វប្បធម៌ និង វិចិត្រសិល្បៈ និង ជាប្រធានសារមន្ទីរស្រុកអង្គរបុរីខេត្តតាកែវ បានមានប្រសាសន៍ថា វត្ថុបុរាណដែលមាននៅក្នុងសារមន្ទីរ ស្រុកអង្គរបុរី មានចំនួន ៤ ប្រភេទសំខាន់ៗ ក្នុងនោះមានដូចជា ប្រភេទដីដុត ស្ពាន់ ថ្ម និង ប្រភេទឆ្អឹង ។ រាល់វត្ថុបុរាណដែលតម្កល់ទុកនៅសារមន្ទីរស្រុកអង្គរបុរីភាគច្រើនគឺ បងប្អូនប្រជាពលរដ្ឋនៅស្រុកនេះផ្ទាល់ជាអ្នកឃើញ ជាពិសេសគឺបងប្អូនដែលរស់នៅឃុំព្រែកផ្ទោលទាំងមូល ។
លោក ជាសម្បត្តិ បានបន្ថែមទៀតថា ចំពោះភ្ញៀវទេសចរណ៍ដែលមកទស្សនាភាគច្រើនជាភ្ញៀវជាតិ ច្រើនជាងភ្ញៀវអន្តរជាតិ ហើយសំបុត្រក្នុងការទស្សនាគឺតម្លៃ ១ ដុល្លារ សម្រាប់ភ្ញៀវអន្តរជាតិ ។ សារមន្ទីរស្រុកអង្គរបុរី បានបើកឱ្យចូលទស្សនាជារៀងរាល់ថ្ងៃ ទោះបីថ្ងៃបុណ្យទានក៏ដោយ គឺចាប់ពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៥ ល្ងាច ៕