មកស្គាល់កន្លែងស្អាតៗ ចាយលុយតិច ៥ កន្លែងនៅកំពត
ខេត្តកំពតជាខេត្តដែលកំពុងពេញនិយម ទាក់ទាញភ្ញៀវទេសចរទៅសម្រាកលំហែរកាយគ្រប់រដូវកាលឈប់សម្រាក មិនថាបុណ្យជាតិធំៗ ឬថ្ងៃចុងសប្តាហ៍ ព្រោះតែចម្ងាយផ្លូវដែលអំណោយផលបំផុតសម្រាប់អ្នករាជធានីភ្នំពេញ។
ខាងក្រោមនេះជាកន្លែងកម្សាន្ត និង រមណីដ្ឋានល្បីៗ ហើយមានទេសភាពស្អាតបំផុតប្រចាំខេត្តកំពត អាចកត់ទុកទៅលេងពេលឆ្លងឆ្នាំសកលខាងមុខនេះ៖
១. ឧទ្យានដងព្រែក៖ ឧទ្យានដងព្រែកមានទីតាំងស្ថិតនៅជិតតំបន់ទឹកឈូ ដែលមានចម្ងាយពីខេត្តកំពតប្រហែល ១០ គីឡូម៉ែត្រ ។ នៅទីនេះ ល្បីឈ្មោះជាមួយការជិះខ្សែររ៉កកម្ពស់ប្រមាណជា១០ម៉ែត្រឆ្លងកាត់ព្រែកតែម្តង ។ ក្រៅពីនោះ ក៏មានពោងលេងទឹកយ៉ាងស្រស់ស្អាត និង ទូកកាយ៉ាក់ដែលមិនធ្វើឱ្យភ្ញៀវទេសចរខុសបំណងឡើយ ។
២. សហគមន៍ទេសចរណ៍ត្រពាំងសង្កែ៖ សហគមន៍នេសាទត្រពាំងសង្កែបង្កើតឡើងនៅឆ្នាំ២០០៩ មានទីតាំងស្ថិតក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ចម្ងាយប្រមាណប្រាំមួយគីឡូម៉ែត្រពីក្រុងកំពត ។ សហគមន៍នេសាទត្រពាំងសង្កែ បានក្លាយជាតំបន់អេកូទេសចរណ៍គួរឲ្យទាក់ទាញបំផុតមួយ ក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនក្នុងខេត្តកំពត ។
៣. ភ្នំដូង៖ គេច្រើនហៅថា កំពតភ្នំដូង ភ្នំដូងត្រើយកោះ មានទីតាំងស្ថិតនៅ ភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត និងមានចម្ងាយប្រហែល 11km ពីរង្វង់មូលទុរេន ។ ទេសចរអាចធ្វើសកម្មភាពដូចជា Picnic, ដើរលេងឆ្នេរខ្សាច់, មើលថ្ងៃលិច, មើលទេសភាពព្រៃភ្នំ ជាដើមនៅទីនេះ ។
៤. រមណីយដ្ឋានដូងទេរ៖ ក៏ជាកន្លែងកម្សាន្តដ៏ពេញនិយមនៅខេត្តកំពត ដែលមានទីតាំងស្ថិតក្នុងទឹកដីភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ។ ដូងទេរមានសេវាកម្មបម្រើម្ហូបអាហារ និងសកម្មភាពកម្សាន្តនៅលើផ្ទៃទឹកជាច្រើន រួមមាន កីឡាជិះទូកកាយ៉ាក គយគន់ព្រៃចាក ជិះខ្សែរ៉តឆ្លងដងព្រែកដ៏រំជើបរំជួល ជិះក្ដាររំអិលកោងខ្ពស់ ជិះទា ជិះទូកមើលទេសភាព យោលខ្សែពួរ និងហក់ទឹកពីលើជណ្ដើរជាដើម ។
៥. ថ្មតាដាសច្ចំ៖ រមណីយដ្ឋាននេះស្ថិតនៅក្នុងឃុំស្នំប្រាំពីរ ស្រុកទឹកឈូ ខេត្តកំពត តាមផ្លូវទៅទឹកឈូ ។ តាដាជាកូនភ្នំមួយ ដោយមានកន្លែងលេងទឹកចំនួន២ មួយនៅជាន់ផ្ទាល់ដី រីឯមួយទៀតតម្រូវឲ្យដើរទ្បើងភ្នំតាមជណ្តើរដែលគេបានសង់ទ្បើងអមដោយទេសភាពយ៉ាងស្រស់ត្រកាល ៕