បឹងព្រះពន្លៃ ក្លាយជាកន្លែងទស្សនាសត្វស្លាបដ៏ពេញនិយម នៅខេត្តពោធិ៍សាត់ (វីដេអូ)
អស់រយៈពេលជាងមួយខែមកហើយ ដែលសត្វស្លាបគ្រប់ប្រភេទយ៉ាងច្រើនកកកុញ បាននាំគ្នាហើរមកទុំ និង រកចំណី នៅក្នុងបឹងព្រះពន្លៃ ដែលធ្វើឱ្យទីនោះក្លាយទៅជារមណីយដ្ឋានទេសចណ៍ ដ៏ពេញនិយមថ្មីមួយទៀត ក្នុងទឹកដី ខេត្តពោធិ៍សាត់ ។
បឹងព្រះពន្លៃ មានទីតាំងស្ថិតនៅក្នុង ភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ជារៀលរាល់ថ្ងៃមានភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ រាប់សិបនាក់ បាននាំគ្នាទៅទស្សនាសត្វ ដែលហើរទាំង ហ្វូងៗ នៅបរិវេណ បឹង និង ពេលខ្លះសត្វស្លាបទាំងនោះ បានហើរមកទុំនៅលើចម្ការរបស់អ្នកភូមិផងដែរ ។
លោក សំ ឈីម ប្រធានមន្ទីរទេសចរណ៏ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ទេសចរណ៍ សត្វស្លាប នៅបឹងព្រះពន្លៃ បានក្លាយទៅជាគោលដៅទេសចរណ៍មួយទៀតរបស់ខេត្តពោធិ៍សាត់ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋជួយថែរក្សាការពារសត្វស្លាបទាំងអស់គ្នា ដើមម្បីផលប្រយជន៍សង្គម និង ជាតិយើងទាំងអស់គ្នាផង ៕