ត្រូវម៉ាច់! អ្នកចូលចិត្តពិចនិច និង ទេសភាពតំបន់ភ្នំ កុំរំលងរមណីយដ្ឋាន ភ្នំគោងាប់ នៅប៉ៃលិន
រមណីយដ្ឋាន ភ្នំគោងាប់នេះ ស្ថិតនៅលើទីទួលខ្ពស់មួយ ដែលមានភាពងាយស្រួលក្នុងការគយគន់មើលជួរភ្នំ ដែលនៅជុំវិញនោះ និង បានឃើញដល់ជួរភ្នំក្រវ៉ាញ តំបន់ភ្នំគោងាប់ គឺជាតំបន់ប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និង កងទ័ពរដ្ឋាភិបាល នាសម័យនោះ ។ ប៉ុន្តែឥឡូវនេះ នៅតំបន់នោះបានប្រែក្លាយទៅជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញមួយ ព្រោះនៅទីនោះមានភាពស្ងប់ស្ងាត់ ដែលហ៊ុំព័ទ្ធទៅដោយព្រៃព្រឹក្សា និង ធម្មជាតិដ៏ស្រស់បំព្រង នាទឹកដីខេត្តប៉ៃលិន ។
នៅបរិវេណរមណីដ្ឋាននេះ ហ៊ុំព័ទ្ធទៅដោយសម្រស់ធម្មជាតិ ព្រៃភ្នំ និង ចម្ការ បេង នាងនួន និង ឈើប្រណិត ដ៏កម្រជាច្រើនប្រភេទទៀត ត្រូវបានគេដាំដុះឡើងវិញយ៉ាងស្រស់បំព្រង បន្ទាប់ពីរងការកាប់បំផ្លាញ នាពេលកន្លងមក ។ ខ្យល់ជំនោរបោកបក់ ដ៏ត្រជាក់ ដែលបក់មកពីជួរភ្នំក្រវ៉ាញ បានធ្វើឱ្យ លោកអ្នកអាចសម្រាកសម្រាន្ដក្នុងបរិស្ថានដ៏ស្ងប់ស្ងាត់ ប្រកបដោយផាសុខភាព បាត់អស់ទុក្ខកង្វល់បានដូចក្តីប្រាថ្នា ។
ភ្នំគោងាប់នេះ មានចម្ងាយ ៤ គីឡូម៉ែត្រពីក្រុងប៉ៃលិន ស្ថិត នៅក្នុង ភូមិ រោងចក្រ សង្កាត់ បយ៉ាខា ខណ្ឌប៉ៃលិន ក្រុងប៉ៃលិន ។ កាលពីអតីតកាល នៅទីនោះជាតំបន់សមរភូមិប្រយុទ្ធ ដ៏ស្រួចស្រាវ ជាទីតាំងការពារកាំភ្លើងធំរបស់មូលដ្ឋានខ្មែរក្រហមនៅប៉ៃលិន ។ ហើយតំបន់នោះ ក៏ជាកន្លែងជីករណ្តៅរុករកត្បូងទន្ទឹមដ៏មានតម្លៃ និង ល្បីល្បាញផងដែរ នៅប៉ៃលិន ដែលពេលនោះ ដីនៅតំបន់ជើងភ្នំគោងាប់នោះ ត្រូវឈ្មួញដឹកយកទៅប្រទេសថៃដើម្បីរែងយកត្បូងទន្ទឹម ។ ប៉ុន្តែពេលនេះ សកម្មភាពទាំងនោះ ត្រូវបានបញ្ចប់ ហើយបានជំនួសមកវិញនូវរមណីយដ្ឋាន និង អាងហែលទឹកប្រកបដោយភាពទាក់ទាញបំផុត ។
លោក ឡុង បញ្ញាវុធ នាយកគ្រប់គ្រងទូទៅរមណីយដ្ឋាន Memoria Palace ភ្នំគោងាប់ បានឱ្យដឹងថា លោកបានចាប់ផ្តើមសិក្សានៅឆ្នាំ ២០១០ និង បង្កើតជារមណីយដ្ឋាន Memoria Palace នៅភ្នំគោងាប់នេះ ជាផ្លូវការដំបូងចាប់តាំងពីឆ្នាំ២០១១ ។ ប៉ុន្តែពេលនោះ យើងមិនបានទទួលជោគជ័យឡើយ ដោយសារតែភ្ញៀវទេសចរ គេនៅតែយល់ថា នៅទីនោះជាតំបន់មានម៉ីនច្រើន តំបន់នេះមានអសន្តិសុខ ។ ល។
ប៉ុន្តែមកដល់ពេលនេះ នៅទីនោះលែងមានអ្វីចោទជាបញ្ហាទៀតហើយ ដោយមានការគាំទ្រពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរជាតិយ៉ាងច្រើន បានទៅសម្រាកលំហែកាយនៅទីនោះ ។ ប្រសិនបើ លោកអ្នកចង់ទៅសម្រាក់លំហែរកាយ នៅរមណីយដ្ឋាន ភ្នំគោងាប់នោះ អាចទាក់ទង ទៅកាន់លេខ ០១៥ ៤៣ ០០ ១៣ /០១៥ ៤៣ ០០ ១៤ ៕