សួនកុមារវត្តភ្នំ ជាទីចំណាប់អារម្មណ៍របស់ឳពុកម្ដាយ ដែលមានកូនតូចៗ
នៅរាជធានីភ្នំពេញ មានរមណីយដ្ឋានយ៉ាងច្រើន ដែលរងចាំស្វាគមន៍ភ្ញៀវទេសចរ ជាតិ និង បរទេស សម្រាប់សម្រាក លំហែរកាយ នាពេលរសៀល ឬ ថ្ងៃចុងសប្ដាហ៍ ។ វត្តភ្នំក៏ក្លាយទៅជាគោលដៅទេសចរណ៍ដ៏សំខាន់មួយផងដែរ ។ ចំណែកនៅសួនកុមារវត្តភ្នំវិញ ក៏មានប្រជាប្រិយភាពខ្លាំងណាស់ដែរ ។
មិនថាតែនៅពេលល្ងាច ចុងសប្តាហ៍ ឬ ថ្ងៃបុណ្យជាតិម្តងៗនោះទេ មាតា បិតាទាំងឡាយ ក្រោយពីនាំបុត្រធិតារបស់ខ្លួនទៅទស្សនា និង ថតរូបលេងនៅរមណីយដ្ឋានវត្តភ្នំហើយនោះ ពួកគាត់ តែងតែនាំកូនចៅរបស់ខ្លួនទៅលេងកម្សាន្តនៅសួនច្បារវត្តភ្នំនេះយ៉ាងច្រើនកុះករនិង ដោយក្តី សប្បាយរីករាយ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សួនកុមារវត្តភ្នំបានទទួលស្វាគមន៍ក្មេងតូចៗយ៉ាងច្រើនកុះករមកពីតាមបណ្តាលខេត្តនានាក្នុងឱកាសព្រះរាជពិធីបុណ្យធំៗយ៉ាងច្រើន ពិសេសនៅក្នុងអុំទូក នាពេលកន្លងមក ។
ប្រជាពលរដ្ឋមកពីខេត្តកំពង់ចាមបាននិយាយថា ការនាំកូនមកលេងនៅសួនកុមារវត្តភ្នំនេះ ដោយសារតែតំបន់នេះ សម្បូរឧបករណ៍លេងជាច្រើនសម្រាប់កុមារ ដែលជាទីចំណាប់អារម្មណ៍របស់ក្មេងៗ។ ម្យ៉ាងនៅតំបន់សួនកុមារនេះ មានសភាពស្រស់ស្អាត អនាម័យបរិស្ថានល្អ រួមជាមួយនឹងមានសួនច្បារដើមឈើធំៗ ដែលផ្តល់ភាពត្រជាក់ងាយស្រួលដល់កុមារមកលេងកម្សាន្ត ជាពិសេសមានការការពារសន្តិសុខបានយ៉ាងល្អប្រសើរសម្រាប់កូនចៅពួកគាត់ ៕