ភ្ញៀវទេសចរ និង អភិបាលខេត្តបន្ទាយមានជ័យ ទៅទស្សនាសត្វស្លាបហើរងងឹតមេឃ មកទុំនៅចម្ការអ្នកស្រុក
នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ភ្ញៀវទេសចរ និង លោកអភិបាលខេត្តបន្ទាយមានជ័យ អ៊ុំ រាត្រី ព្របទាំងមន្រ្តីរាជការប្រជាពលរដ្ឋក្នុងខេត្ត បានអញ្ជើញទៅទស្សនាសត្វបក្សីរាប់ម៉ឺនក្បាលបានហោះហើរមកទុំ និង រកចំណី នៅក្នុងចម្ការអ្នកស្រុក ។
បក្សីទាំងនោះមានច្រើនប្រភេទ ដូចជា កុក ក្រៀល ក្រសារ ក្អែកទឹក ។ ល ។ ដែលពួកវាបានមកដេក និង ទុំនៅដីចម្ការមួយកន្លែង ស្ថិតនៅខាងជើង ភ្នំបន្ទាយនាង ក្នុងភូមិចម្ការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ទេសចរ និង អ្នកស្រុក ។
លោក អ៊ុំ រាត្រី អភិបាល បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត យើងត្រូវរកវិធីសាស្ត្រការពារ អភិរក្សសត្វបក្សីទាំងអស់នេះ និង ការពារទប់ស្កាត់ជនខិលខូចលួចបរបាញ់សត្វស្លាប ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន ក៏ដូចជាទាក់ទាញភ្ញៀវទេសចរណ៍ មកឃើញភាពអស្ចារ្យនៃហ្វូងសត្វបក្សីចម្រុះដ៍ច្រើនសន្ធឹកសន្ធាប់ដែលកំពង់រស់នៅទីនោះ ៕