នៅចុងរដូវវស្សានេះ ទៅលេងទឹកធ្លាក់ព្រះនិមិ្មត សប្បាយខប់ហ្មង (វីដេអូ)
ប្រសិនបើភ្ញៀវទេសចរទាំងឡាយបានទៅកម្សាន្តនៅទឹកធ្លាក់ព្រះនិម្មិតនាពេលនេះ វាពិតជាធ្វើឱ្យលោកអ្នកមានអារម្មណ៍ប្លែកមួយទៀតខុសពីដើមរដូវវស្សា ដែលមានទឹកល្បាក់ហូរធ្លាក់ខ្លាំង ដែលមើលទៅគូរឱ្យព្រឺព្រួច ។ ប៉ុន្តែនៅពេលនេះ ចរន្តទឹកហូរបោកច្រាំងតិចៗបង្កើតបានជាចង្វាក់ភ្លេងធម្មជាតិយ៉ាងពីរោះរណ្តំចិត្ត ដែលធ្វើឱ្យភ្ញៀវទេសចរមានការជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង ។
ទឹកធ្លាក់ព្រះនិមិ្មត មានទីតាំងស្ថិតនៅក្នុងខេត្តព្រះវិហារ ជាប់ព្រំដែន កម្ពុជា-ឡាវ ជារមណីយដ្ឋានទឹកធ្លាក់ ដែលធំជាងគេនៅក្នុងតំបន់ទន្លេមេគង្គ ។ បច្ចុប្បន្នទឹកធ្លាក់ព្រះនិមិ្មតកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ។ ជាមួយគ្នានេះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ថែមទៀត ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានមួយនេះ នឹងបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដែលជាទីទាក់ទាញភ្ញៀវទេសចរ ។ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ព្រះនិម្មិតនេះ ត្រូវបានគេចាត់ទុកថា ជារមណីយដ្ឋានទឹកធ្លាក់ធំជាងគេនៅក្នុងតំបន់ទន្លេមេគង្គ ។
លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានសំដែងការគាំទ្រពេញទំហឹងពីគម្រោងអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់នោះ និង ផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងប្រាក់ចំណូល និង ការងារ ក៏ដូចជាចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជាផងដែរ ។
កាលពីអំឡុងបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ កន្លងទៅថ្មីៗនេះ មានភ្ញៀវទេសចរជាតិ និង អន្តរជាតិបានទៅទស្សនាកម្សាន្តនៅរម្មណីយដ្ឋានអេកូទេសចរណ៍ទឹកជ្រោះព្រះនិម្មិតនេះយ៉ាងច្រើនកោះករ ដែលភ្ញៀវទេសចរមួយចំនួនបានបន្តស្នាក់នៅជាមួយសណ្ឋាគារ សុវណ្ណអ៊ីនធើថេនរ៉ីស៊ត ដើម្បីរងចាំមើលទេសភាព នាពេលរាត្រីដ៏ស្រស់ត្រកាលនៅទីនោះ ។ ភ្ញៀវទេសចរ ចង់រកកន្លែងស្នាក់នៅទីនោះ អាចទាក់ទងតាមរយៈលេខទូរស័ព្ទនេះ ០៦៤ ៩០០ ៣៣៣ ៕
(វីដេអូៈ Sovann Entertainment Resort)