តោះ! ចុងសប្តាហ៍នេះ ទៅទស្សនាហ្វូងសត្វស្លាបរាប់លានក្បាល នៅព្រៃទួលពន្ធ័តាឡី (វីដែអូ)
សត្វស្លាប រាប់លានក្បាល បាននាំគ្នាហើរមករកចំណីនៅតំបន់ព្រៃព័ន្ធតាឡី ក្នុងតំបន់អភិរក្សបឹងស្នេហ៍ ស្ថិតនៅក្នុង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលត្រូវបានអ្នកទេសចរថតបាន កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ ព្រមទាំងមានភ្ញៀវទេសចរក្នុងស្រុកនាំគ្នាទៅទស្សនាយ៉ាងច្រើនទៀតផង ។
តំបន់បឹងស្នេហ៍ បានក្លាយជាជម្រកសត្វស្លាបកម្រជាច្រើនប្រភេទ ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ ឱ្យចូលមកទស្សនានៅទីនោះកាន់តែច្រើនឡើងៗ ។ បច្ចុប្បន្ននេះអាជ្ញាធរបាននាំគ្នា អភិរក្សព្រៃលិចទឹក នៅតំបន់នោះ ដោយមានការចូលរួមពីប្រជាសហគមន៍នៅតំបន់បឹងស្នេហ៍ ហើយពួកគាត់ត្រូវការអ្នកជំនាញផ្នែកទេសចរណ៍ ដើម្បីណែនាំពីការត្រៀមខ្លួនបម្រើវិស័យទេសចរណ៍នៅតំបន់នោះឱ្យមានការរីកចំរើន ។
តំបន់ព្រៃពន្ធ័តាឡី ស្ថិតនៅក្នុងតំបន់អភិរក្សបឹងស្នេហ៍ នៃ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង មានចម្ងាយប្រមាណជា ១៥គីឡូម៉ែត្រពីទីរួមព្រៃវែង ដែលស្ថិតនៅក្នុងគម្រោងអភិរក្សរបស់អង្គការនារីអភិវឌ្ឍន៍សេដ្ឋកិច្ច និង អនាម័យ ឬ ហៅថា អង្គការ Women និង មន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្ត ។ នៅកណ្តាលបឹងស្នេហ៍ មានផ្ទៃដីព្រៃលិចទឹកប្រមាណជា ១០០ ហិកតា ដែលអ្នកភូមិហៅថា ទួលព័ន្ធតាឡី ៕
(វីដេអូៈ យុវជនអភិរក្សទួលព័ន្ធតាឡី)