បក្សីមេគង្គជាឋានសួគ៌ក្រោមមេឃ ដែលភ្ញៀវទេសចរភាគច្រើនមិនសូវស្គាល់
ប្រសិនបើលោកអ្នកបានទៅដល់ទឹកដីនៃខេត្តស្ទឹងត្រែងហើយនោះ បើមិនបានទៅទស្សនាទេសភាពនៅតាមដងទន្លេមេគង្គទេនោះគឺពិតជាមានការស្តាយក្រោយជាមិនខាន ។ ព្រោះនៅទីនោះមានទេសភាព និង សម្រស់ធម្មជាតិ ដែលល្អឯកគ្មានគូប្រៀប វាពិតជាធ្វើឱ្យយើងស្ទើរមិនជឿលើភ្នែករបស់ខ្លួនឯងឡើយថា នៅលើទឹកដីតាមដងទន្លេមេគង្គមានរូបភាព និង ផ្ទាំងទស្សណីយភាពស្រស់ស្អាត និង អស្ចារ្យបែបនេះសោះ ។ ដោយសារតែនៅទីនោះ មានទេសភាពយ៉ាងស្រស់ស្អាតនោះ ត្រូវបានគេចាត់ទុក និង ដាក់ឈ្មោះឱ្យថា បក្សីមេគង្គ ។
បើលោកអ្នកបានទៅដល់ បក្សីមេគង្គ ហើយនោះ ពិតជាមានអារម្មណីជ្រះថ្លា និង ស្រស់ស្រាយជាមួយសម្រស់ធម្មជាតិ វាលខ្សាច់ ដ៏ស្រស់ស្អាតគ្មានពីរនៅតាមដងទន្លេមេគង្គភាគខាងលើដែលអមទៅដោយដើមឈើ ដែលទើបនឹងងើបផុតពីផ្ទៃទឹក ដែលចេញ ឬ វាបង្កើតបានជាទេសភាព ដែលគេកម្ររកកន្លែងណាមកប្រៀបប្រដូចបានណាស់ ។
នៅទីនោះ ភ្ញៀវទេសចរទាំងឡាយបានទស្សនា នៅតាមកោះខ្សាច់ជាង ១ ០០០ ដែលកោះទាំងនោះប្តូររាង ជារៀងរាល់ឆ្នាំទៅតាមចរន្តទឺកហូរ ព្រមទាំងបានទស្សនា សម្រស់ព្រៃឈើ មើលថ្មដុះថ្មមរកត ដែលដុះចេញពីផ្ទៃទឹក បានឃើញសត្វបក្សាបក្សី រាប់លានក្បាល និង បានឃើញប្រភេទសត្វស្លាបកម្រៗ ដែលជិតផុតពូជ ដូចជា ត្រយ៉ង ក្អែកទឹក ស្មោញ ដែលកំពុងហើរទាំងហ្វូង យ៉ាងទ្រហ៊ឹងអឺងកង ។
បក្សីមេគង្គ ស្ថិតនៅ តាមដងទន្លេមេគង្គ នៅភាគខាងលើក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅទីនោះមានសេវាកម្មសម្រាបទទួលភ្ញៀវទេសចរ ដោយមានការសម្រាកនៅបឹងកាឡូ ការបោះតង់ ទស្សនាតាមឆ្នេរខ្សាច់ តាមកោះ ជីះទូកកាយ៉ាកមើលតាមកោះ មើលសត្វស្លាប និង ដំណើរកម្សានជាច្រើនទៀត ក្នុងតម្លៃ សមរម្យ ។ ប្រសិនបើលោកអ្នកចង់ទៅកម្សាន្តនៅ បក្សីមេគង្គរីសត៏ តាមដងទន្លេមេគង្គលើ ជិតទីរួមខេត្តស្ទឹងត្រែងនោះ អាចទាក់ទងតាមរយៈលេខទូរសព្ទ័ ០៦៦ ៩៩ ៧៧ ៩៧ ៕