ប្រាសាទបាកាន គួរជាទីទាក់ទាញ តែបែរជាមិនសូវមានអ្នកទៅដល់
បើទោះជាពេលបច្ចុប្បន្នមានផ្លូវយ៉ាងល្អស្អាតឆ្ពោះទៅតំបន់រមណីយដ្ឋានប្រាសាទ បាកាន ឬ ប្រាសាទព្រះខ័នកំពង់ស្វាយ ក៏ដោយ ក៏ប្រាសាទដ៏ល្អអស្ចារ្យមួយនេះ ហាក់បីដូចជាមិនសូវមានភ្ញៀវទេសចរទៅទស្សនាច្រើនឡើយ ។
ប្រាសាទបាកាន ឬ ប្រាសាទព្រះខ័នកំពង់ស្វាយ មានទីតាំងនៅក្នុង ភូមិបាកាន ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារមានចម្ងាយប្រហែលជា ១០៥ គីឡូម៉ែត្រពីក្រុងព្រះវិហារ ឬ ក៏អាចចូលតាមផ្លូវក្រួសក្រហមចំពីមុខសាលា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បែកចេញពីផ្លូវជាតិលេខ ៦ ចម្ងាយ ៧៥ គីឡូម៉ែត្រ ខណៈប្រាសាទនេះ ស្ថិតនៅខាងកើតតំបន់អង្គរ គឺ មានចម្ងាយ ១០០ គីឡូម៉ែត្រ។
ប្រសិនបើលោកអ្នកបានទៅដល់ប្រាសាទ បាកាន ហើយនោះ ពិតជាធ្វើឱ្យលោកអ្នកមានអារម្មណ៍ស្រងេះស្រងោច ដោយសារតែឃើញមានសភាពស្ងាត់ជ្រងំ ជាមួយប្រាសាទ ដែលបាក់បែក រុំព័ន្ធទៅដោយដើមឈើជុំវិញប្រាសាទ មិនគួរណាប្រាសាទដ៏ស្កឹមស្កៃបែបនេះ មានសភាពស្ងាត់ជ្រងំ សោះ ។
តាមឯកសារក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានឱ្យដឹងថា ប្រាសាទបាកាន ឬ ប្រាសាទព្រះខ័នកំពង់ស្វាយ កសាងឡើងនៅសម័យអង្គរ នាពាក់កណ្តាលសតវត្សរ៍ទី ១១ និង ដើមសតវត្សរ៍ទី ១២ ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី ១-(គ.ស ១០០២-១០៥០)។
ប្រាសាទនេះ មានកំពែងពីរជាន់ ហើយប្រាសាទនេះ ក៏ជាទីកន្លែងលាក់ខ្លួនរបស់ព្រះបាទជ័យវរ្ម័នទី ៧ មុនពេលព្រះអង្គឡើងគ្រងរាជ្យ នៅឆ្នាំ ១១៨១ នេះបើតាមរចនាប័ទ្មនៃសំណង់ស្ថាបត្យកម្មខ្លះស្រដៀងគ្នាទៅនឹងរចនាប័ទ្មប្រាសាទបាយ័ន និង ប្រាសាទតាព្រហ្មនោះ ៕
(រូបថត Sophen Nou)