អ្នកខេត្តបន្ទាយមានជ័យ ធ្លាប់បានទៅលេង សួនស្នេហ៍ជនបទ ហើយឬនៅ?
ក្រៅពីទស្សនាប្រាសាទបុរាណ និង ទីរមណីយដ្ឋានបែបប្រវត្តិសាស្រ្តនោះ ខេត្តបន្ទាយមានជ័យ ក៏នៅមានតំបន់ទេសចរណ៍ និង ទីកន្លែងកម្សាន្តតាមបែបធម្មជាតិជាច្រើនទៀតកំពុងតែទាក់ទាញភ្ញៀវទេសចរ ឱ្យទៅទស្សនា នូវទឹកដីដ៏ស៊ីវីល័យ នាទិសពាយព្យជាប់ព្រំប្រទល់ កម្ពុជា-ថៃ មួយនេះយ៉ាងច្រើនទៀតផង ។
ក្នុងនោះរមណីយដ្ឋានទេសចរណ៍ សួនស្នេហ៍ជនបទ បានលាតសន្ធឹងលើផ្ទៃដីដ៏ធំល្វឹងល្វើយជាង ៤ ហិកតា នៅជាប់នឹងជើងភ្នំ ខ្លាកូន ស្ថិតក្នុង ភូមិខ្លាកូនសង្កាត់កំពង់ស្វាយ ខណ្ឌ និង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ មកពីចម្ងាយ និង ក្នុងខេត្តទាំងមូល ។
នៅ សួនស្នេហ៍ជនបទនេះ មានទេសភាពធម្មជាតិកែច្នៃដ៏ស្រស់ត្រកាល បែបព្រៃភ្នំជនបទ លម្អទៅដោយសួនច្បារតូចៗកន្លែងអង្គុយលេងកម្សាន្តមានបង់ រោង ខ្យូសតម្រៀបគ្នាជាជួរ និង រូបចម្លាក់សត្វព្រៃ និង សត្វស្រុកជាច្រើនលាក់ខ្លួនតាមគុម្ពផ្កា ព្រមទាំងមានដាំសួនច្បារចម្រុះពណ៌ គួរឱ្យចាប់អារម្មណ៍ទៀតផង ៕