ទោះជាមានអាយុកាលច្រើន តែប្រាសាទបក្សីចាំក្រុងនៅតែរឹងមាំ និង ស្អាតភ្លឹង
ប្រាសាទបក្សីចាំក្រុងគឺជាប្រាសាទបុរាណមួយគួរឱ្យទាក់ទាញក្រៃលែង ដែលបានកសាងឡើងនៅលើស្ថានីយបុរេប្រវត្តិនៃយុគសម័យសំរឹទ្ធ ដែលមានទីតាំងស្ថិតនៅកណ្តាលព្រៃស្រោងខាងឆ្វេងផ្លូវ និង ខាងជើងភ្នំបាខែងប្រហែលជា ១៥០ ម៉ែត្រ ។
ប្រាសាទនេះ មានកាំជណ្តើរ ដែលស្ថាបនាដោយថ្មបាយក្រៀម និង ឥដ្ឋពណ៌ក្រហម ហើយនៅម្តុំប្រាសាទបក្សីចាំក្រុងនេះដែរ ក៏នៅមានប្រាសាទបុរាណតូចៗជាច្រើនទៀត កសាងអំពីឥដ្ឋ ដែលខ្លះបាំងបិទ ដោយដើមរុក្ខជាតិ តូចធំជាច្រើន ។
ប្រាសាទបក្សីចាំក្រុងមានរាងជាសាជីមានថ្នាក់ៗធ្វើអំពីឥដ្ឋបែរមុខទៅទិសខាងកើត ប្រាសាទមាន ៤ ថ្នាក់កសាងពីថ្មបាយក្រៀមបន្តុបប្រាសាទឥដ្ឋខាងលើ និង មានជណ្តើរគ្រប់ទិសទាំង៤ ទ្វារបញ្ឆោត ៣ទិស តែក្បាច់រចនាសម្រាប់ បិទពីក្រៅបាត់បង់អស់ទៅហើយគឺនៅសល់តែក្បាច់ ផ្តែរលើខ្លោងទ្វារនៅល្អ មានរូបព្រះឥន្ទ្រគង់លើដំរីព្ធរាវ័ណ(ដំរីក្បាល៣) ឯចុងទាំងសងខាងមានគណេស និង មាត់ទ្វារ ខាងកើត មានសិលាចារឹក ដែលលក្ខណៈអស្ចារ្យរបស់ប្រាសាទបក្សីចាំក្រុង នៅសេសសល់នេះ បាន និង កំពុងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទេសចរ ដែលបានចូលទៅដល់ទីនោះ ។
ប្រាសាទបក្សីចាំក្រុង ដែលស្ថិតនៅលើស្ថានីយបុរេប្រវត្តិនៃយុគសំរឹទ្ធនេះ កសាងឡើង ដោយព្រះបាទហ សវរ័ន្មទី១ (៩១០ដល់៩៤៤) និង ត្រូវបានបញ្ចប់ការសាងសង់ ដោយព្រះបាទរាជេន្ទ្រវរ័ន្ម(៩៤៤ដល់៩៦៨)ដែលព្រះបាទអង្គនេះ ត្រូវស្ថាបនាប្រាសាទដើម្បីឧទ្ទិសថ្វាយព្រះឥសូរក្នុងព្រហ្មញ្ញសាសនា ។
នៅទីបរិវេណនៃប្រាសាទបក្សីចាំក្រុងនេះដែរគឺនៅមានសំណង់ប្រាសាទតូចៗជាច្រើនទៀត ដែលប្រាសាទខ្លះនៅមាន លក្ខណៈល្អស្អាត និង ប្រាសាទខ្លះទៀត ក៏ត្រូវរងដោយភាពបាក់បែក ។
ចំណែកឯទេសភាពធម្មជាតិ នៅតំបន់ប្រាសាទបក្សីចាំក្រុងវិញ ប្រសិនបើលោកអ្នកបានធ្វើដំណើរទៅដល់ហើយ ប្រាកដជាបានស្រស់ថ្លាក្នុងអារម្មណ៍ជាក់ជាមិនខានឡើយ ៕