តោះ! ចុងសប្តាហ៍នេះ ទៅទស្សនាសត្វស្លាបរាប់លានក្បាល បង្ហាញខ្លួននៅអាងទឹកព្រះពន្លៃ
មានហ្វូងសត្វកុករាប់លានក្បាល ត្រូវបានគេឃើញហើរ និង ចុះរកចំណីនៅក្នុងតំបន់ អាងទឹកព្រះពន្លៃ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ បាននាំគ្នាចោមរោមទស្សនា សត្វកុកទាំងនោះ ។
វត្តមានហ្វូងសត្វកុក រាប់លានក្បាល នៅអាងព្រះពន្លៃ ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ត្រូវបាន រដ្ឋបាលខេត្តថតបាន នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៩ នេះ ។ ហ្វូងសត្វស្លាបយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល និង បង្កើតក្ដីរំភើបរីករាយយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសអាជ្ញាធរ ខេត្ត ស្រុក និង ភ្ញៀវទេសចរ ដែលមានបំណងចង់ទៅគយគន់មើលសត្វស្លាបទាំងនោះ ។
បើតាមគណនីហ្វេសប៊ុករបស់រដ្ឋបាលខេត្តពោធិ៍សាត់បានបង្ហោះរូបភាព និង សរសេរថា ការបង្ហញខ្លួនហ្វងសត្វស្លាបយ៉ាងច្រើនដូចនេះ គឺដោយសារតែពេលនេះ ប្រជាពលរដ្ឋភាគច្រើន ចេះស្រឡាញ់សត្វស្លាប ហើយបានចូលរួមអភិរក្សវាផងដែរ ៕