ភ្ញៀវទេសចរធ្លាក់ចុះ អាជ្ញាធរ ក្រសួង អំពាវនាវបងប្អូនខ្មែរ កុំបង្ហោះរូបអវិជ្ជមានខុសពីការពិត
អាជ្ញាធរជាតិអប្សរា និង ក្រសួងទេចរណ៍ បានចេញផ្សាយស្ដីពីការលុបបំបាត់ការផ្សព្វផ្សាយ និងចែកចាយរូបភាពផ្ទុយពីបច្ចុប្បន្នភាពក្នុងតំបន់អង្គរ ដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍ ។
អាជ្ញាធរអប្សរាបានចុះផ្សាយថា កន្លងមកនេះមានការផ្សព្វផ្សាយ និង ចែករំលែករូបភាពពុំស្តែងចេញអំពីបច្ចុប្បន្នភាព នៃតំបន់រមណីយដ្ឋានអង្គរទៅក្នុងបណ្តាញព័ត៌មានសង្គមដែលសកម្មភាពទាំងនោះខុសពីការពិតទៅនឹងអ្វីដែលអាជ្ញាធរជាតិអប្សរាបច្ចុប្បន្នកំពុងបំពេញយ៉ាងសស្រាក់សស្រាំ ។ លើសពីនេះ ការផ្សព្វផ្សាយ និង ចែកចាយរូបភាពផ្ទុយពីបច្ចុប្បន្នភាពបែបនេះអាចបង្កឱ្យភ្ញៀវទេសចរមានការយល់ច្រឡំ និង គិតមិនល្អក្នុងការសម្រេចចិត្តជ្រើសរើសមកទស្សនានៅកម្ពុជានិងរមណីយដ្ឋានអង្គរ ។
ទាក់ទងនឹងបញ្ហានេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា ក្រៅពីកិច្ចការជួសជុលអភិរក្សប្រាសាទ បានយកចិត្តទុកដាក់ធ្វើជាប្រចាំថ្ងៃលើកិច្ចការលើកកម្ពស់បរិស្ថានឱ្យមានភាពបៃតងនៅក្នុងតំបន់អង្គរតាមរយៈការរៀបចំសួនស្មៅ ការដាំដើមឈើប្រណីត ការទប់ស្កាត់អ្នកលក់ដូរនៅលើវាលស្មៅតាមកសិន្ធុអង្គរវត្ត ការរៀបចំចំណតយានយន្ត ការធ្វើផ្លូវកង់ ការស្ថាបនានិងថែទាំផ្លូវថ្នល់ក្នុងឧទ្យានអង្គរ ។ល ។ កិច្ចការទាំងនេះ គឺក្នុងបំណងបម្រើដល់សេវាកម្មទេសចរណ៍និងលើកកម្ពស់តំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកាន់តែច្រើន ។
លោក ឡុង កុសល ក៏បានបញ្ជាក់ទៀតថា ការប្រើប្រាស់រូបភាពដែលពុំឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងបច្ចុប្បន្ន ពុំមែនជារឿងល្អប្រសើរទេ។ ដូច្នេះ សូមសាធារណជនប្រើប្រាស់រូបភាពនិងខ្លឹមសារដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពជាក់ស្តែង នៃតំបន់រមណីយដ្ឋានអង្គរ ជាពិសេសសកម្មភាពដែលអាជ្ញាធរជាតិអប្សរាបានធ្វើនាបច្ចុប្បន្ននេះ ដូចជាការរៀបចំចំណត ការដាំស្មៅ ដាំផ្កា ដាំដើមឈើ ។ល ។ ដើម្បីរឹតតែទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាតំបន់រមណីយដ្ឋានអង្គរកាន់តែកើនឡើងមិនខាន ។
សូមរួមគ្នាលុបបំបាត់ការផ្សព្វផ្សាយនិងចែកចាយរូបភាពមិនមែនបច្ចុប្បន្នភាពអំពីតំបន់រមណីយដ្ឋានអង្គរ ដើម្បីបំផុសនិងផ្សព្វផ្សាយរូបភាពល្អៗ និងភាពស្រស់ស្អាតនៃតំបន់រមណីយដ្ឋានអង្គរ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ជាតិ ៕