ភ្ញៀវទេសចរ អឺរ៉ុប ចាប់ចិត្តខ្លាំងលើព្រៃធម្មជាតិរបស់ គ្រូ ព្រហ្ម ធម្មជាតិ
ក្រោយពីមានការផ្សព្វផ្សាយ ពីបណ្តាញសាព័ត៌មាននាពេលកន្លងមក ព្រៃធម្មជាតិ ដែលថែរក្សាដោយលោក គ្រូ ព្រហ្ម ធម្មជាតិ ស្ថិតនៅក្នុងតំបន់ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ភ្ញៀវទេសចរ ជាតិ និង អន្តរជាតិជាច្រើនបាននាំគ្នាទៅទស្សនាតំបន់ព្រៃ ដែលព្រះអង្គបានចូលរួមថែរក្សា ព្រៃឈើ និង សត្វព្រៃនៅតំបន់នោះ ។
ជាក់ស្តែងនៅ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៩ នេះ មានភ្ញៀវទេសចរ ដែលជាជនជាតិអែរ៉ុប មួយក្រុមបានទៅទស្សនានៅតំបន់ព្រៃ មេត្តាធម្មជាតិនេះ ។ នៅពេលនោះ លោកគ្រូ ព្រហ្ម ធម្មជាតិ ក៏បាននាំផ្លូវភ្ញៀវទេសចរ ព្រមទាំងបាន បង្ហាញពីសត្វកម្រៗ មួយចំនួន ដែលជិតផុតពូជទៅហើយ ពួកវាកំពុងរស់នៅទីនោះយ៉ាងសុខសាន្ត ផងដែរ ។ ដោយឃើញពីធនធានធម្មជាតិនៅតំបន់ដែលមានការថែរក្សាយ៉ាងល្អពីសំណាក់ ព្រះសង្ឃអង្គនេះ ភ្ញៀវទេសចរមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានបន្តដំណើរទស្សនា សត្វព្រៃ និង ធនធានធម្មជាតិនៅតំបន់នោះបន្តទៀត ។
ព្រៃមេត្តាធម្មជាតិនេះ ស្ថិតនៅក្នុង ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលព្រះគ្រូ ព្រហ្ម ធម្មជាតិ បានគង់នៅក្នុងអាស្រម មេត្តាធម្មជាតិ ភ្នំឱរ៉ាល់ តែ១អង្គឯង ជា១០ឆ្នាំមកហើយ ដើម្បីថែរក្សា សត្វព្រៃ និង បរិស្ថាន នៅទីនោះ ៕