ទិដ្ឋភាពដងស្ទឹងជីនិត កំពុងទាក់ទាញភ្ញៀវទេសចរ ពេលថ្ងៃឈប់សម្រាក
តាមពិតទៅ ស្ទឹងជីនិតកាលដើមឡើយ វាមិនមែនជាតំបន់រមណីយដ្ឋានទេសចរណ៍នោះទេ ពោលគឺដោយសារតែនៅទីនោះ មានទេសភាពទឹកស្ទឹងហូរ ឆ្លងកាត់ ដែលបានបង្អួតសម្រស់ឡើង ជាមួយដងព្រៃព្រឹក្សព្រៃ តាមដងស្ទឹងសណ្តូកខ្លួនវែងអន្លាយនោះ ក៏បានធ្វើឱ្យអ្នកដែលបានមកដល់ទីនេះ មានការចាប់ចិត្តប្រតិព័ទ្ធនឹងសោភ័ណភាពសម្រស់ដងស្ទឹងជីនិត ហើយបបួលគ្នីគ្នាមកជាបន្តបន្ទាប់រហូតបានក្លាយទៅជាកន្លែងលេងកម្សាន្តមួយសម្រាប់ប្រជាពលរដ្ឋ និង អ្នកទេសចរ ដ៏ពេញនិយមផងដែរ ។
ភ្ញៀវទេសចរទាំងឡាយ នៅពេលបានទៅដល់ ស្ទឹងជីនិត ប្រាកដជានឹងបានទាក់ភ្នែក ជាមួយទិដ្ឋភាពដ៏ស្រស់ឆើតឆាយនៃសម្រស់ទឹកស្ទឹង ដែលប្រៀបបាននឹងសម្រស់នារីក្រមុំគួរឱ្យបេតីណាស់ ។ គេអាចធ្វើដំណើរទៅកាន់តំបន់ទេសភាពធម្មជាតិស្ទឹងជីនិត បើមកពីភ្នំពេញធ្វើដំណើរដល់គល់ស្ពានកំពង់ថ្មបត់ស្តាំឆ្ពោះទៅតាមផ្លូវជាតិលេខ ៧១ ផ្លូវទៅចម្ការលើប្រមាណជាជាង ៣ គីឡូម៉ែត្រប៉ុណ្ណោះ នឹងបានឃើញស្លាកសញ្ញាសរសេរថា តំបន់រមណីយដ្ឋានទេសចរណ៍ស្ទឹងជីនិត ។ បើគិតចម្ងាយផ្លូវពីទីរួមខេត្តកំពង់ធំមានចម្ងាយ ៣៤ គីឡូម៉ែត្រ តែប៉ុណ្ណោះ។
ស្ទឹងជីនិត ជាតំបន់ទេសចរណ៍មួយមានភាពទាក់ទាញគួរសម ដែលមានទីតាំងស្ថិតនៅក្នុងភូមិពង្រ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ នៅទីនេះ ជាតំបន់មួយប្រមូលផ្តុំទៅដោយធម្មជាតិស្រស់ ត្រកាលគួរជាទីមនោរម្យបំផុត សម្រាប់ភ្ញៀវទេសចរមកពីទីជិតឆ្ងាយ មកលេងសប្បាយជារៀងរាល់ថ្ងៃ ។ នៅស្ទឹងជីនិតជាកន្លែងមួយ ដែលមានអំណោយផលខាងធម្មជាតិមានទឹកស្ទឹងថ្លាឈ្វេងហូរធ្លាក់ទៅស្រោចស្រពលើផ្ទៃដីកសិកម្មចំនួនពីរ ស្រុកគឺស្រុកសន្ទុក និង ស្រុកបារាយណ៍ ដែលមានទឹកហូរខួបប្រាំង ខួបវស្សាមានព្រៃព្រឹក្សារីកផ្កាចោលក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់។ រីឯនៅតាមផ្លូវនៃបណ្តោយ ដងស្ទឹងវិញ គេក៏ឃើញមានចម្ការដំណាំរបស់អ្នកស្រុកអមតាមសងខាងផ្លូវគួរឱ្យគយគន់បំផុត ។ ស្ទឹងជីនិតអាចចាត់ទុកថា ជាកន្លែងណាត់ជួបកម្សាន្តរបស់អ្នកដើរលេងក្នុងស្រុកមួយ ដែលជួយបំបាត់នូវទុក្ខព្រួយរបស់អស់លោកអ្នកក្នុងពេល ដែលបានមកដល់ទីនេះ។
បើទោះជា ស្ទឹងជីនិត មិនមែនជាតំបន់ទេសចរណ៍ល្បីសម្រាប់បម្រើឱ្យការកម្សាន្តដូចនៅតំបន់មួយចំនួនក៏ដោយ ក៏ប៉ុន្តែស្ទឹងជីនិតត្រូវបានអ្នកដែលធ្លាប់ទៅដល់ចាត់ទុកថា ជាទីកន្លែងមួយ ដ៏មនោរម្យមានខ្យល់អាកាសបរិសុទ្ធ និង មានធម្មជាតិស្អាតប្លែកភ្នែក ។ ផ្ទៃទឹកស្ទឹងជីនិតមានវិសាលភាពគ្របដណ្តប់ធំធេងណាស់ដល់មនុស្សសត្វ និង វិស័យកសិកម្មនៅតំបន់មួយចំនួន ៕