ប្រាសាទភ្នំបាយ៉ង់ ជាប្រាសាទដ៏ល្បីនៅខេត្តតាកែវ តែពុំសូវមានភ្ញៀវទេសចរទៅលេងច្រើន
ប្រាសាទបាយ៉ង់ ជាបូជនីយដ្ឋានមួយដ៏សំខាន់ជាងគេនៅក្នុងខេត្តតាកែវ ប៉ុន្តែអ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍នោះ ប្រាទបុរាណដែលមានវយ័ចំណាស់មួយនេះ គឺមិនសូវមានភ្ញៀវទេសចរ ទៅទស្សនាប្រាសាទបុរាណមួយនេះច្រើនឡើយ ។
ប្រាសាទបាយ៉ង់ ស្ថិតនៅ ភូមិពោធិរោង និង ភូមិត្រពាំងសង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានចម្ងាយជាង ៤០គីឡូម៉ែត្រ ពីខាងត្បូងទីរួមខេត្តតា កែវ និង មានប្រវែង ១២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។ ដូចប្រាសាទផ្សេងៗទៀត នៅឥសានបុរៈ ប្រាសាទបាយ៉ង់ សាងសង់អំពីឥដ្ឋនៅលើកំពូលភ្នំមួយដ៏ខ្ពស់ ដែលមានកម្ពស់ប្រមាណជាង ៤០០ ម៉ែត្រ ហើយមានចម្ងាយប្រមាណជា ១,៧ គីឡូម៉ែត្រ ភាគនិរតី នៃស្រះសង់បុរាណ វត្តលើ នៃ ភូមិត្រពាំងសង់។
ដើម្បីឡើងទៅកាន់បូជនីយដ្ឋានដ៏ស័ក្តិសិទ្ធនេះ គេត្រូវចំណាយពេលដើរពីទិសខាងជើង ឆ្លងកាត់ផ្ទាំងថ្មដាតូចធំជាច្រើន ហើយពីជម្រាលភ្នំទៅកាន់ប្រាសាទ គេចំណាយ ពេលជាងមួយម៉ោង ។ មុននឹងឈានជើងដល់កាំជណ្តើរឡើងទៅកាន់ ប្រាសាទបាយ៉ង់ ដែលធ្វើអំពីថ្មបាយក្រៀម ដែលមានចំនួន ៩១កាំ ។ សព្វថ្ងៃនេះ គេអាចធ្វើដំណើរ ដោយងាយស្រួលជាងមុនដើម្បីឡើងទៅទស្សនាទីនោះគឺបើកម៉ូតូឌុបគ្នាតាមផ្លូវបុរាណ នៅចំណុច ភូមិត្រពាំងសង់ ដែលបានផ្សារភ្ជាប់ពីជើងភ្នំ ដល់ផ្នែកខាងលើនៃប្រា សាទនោះតែម្តង ។
បើតាមលោកបណ្ឌិត មីសែល ត្រាណេ បានឱ្យដឹងថា ការដែល ព្រះ បាទឥសានវម៌ទី១ គ្រងរាជ្យនៅអំឡុង ឆ្នាំ ៦១៥ ដល់ ឆ្នាំ ៦៣៧ នៃគ្រិស្កសករាជ បានជ្រើសយកទីតាំងកំពូល ភ្នំបាយ៉ង់ ដើម្បីស្ថាបនា ប្រាសាទបាយ៉ង់ ដែលជាបូជនីយដ្ឋានមួយដ៏សំខាន់ជាងគេក្នុងចំណោមបូជនីយដ្ឋានផ្សេងៗទៀតនៅខេត្តតាកែវ មិនមែនជាការចៃដន្យឡើយ។ កត្តាភូមិសាស្ត្រប្រកបដោយទេសភាពដ៏ស្រស់បំព្រង ជុំវិញនោះបានលាតសន្ធឹងដាច់កន្ទុយភ្នែកប្រៀបផ្ទឹមនឹងទេពស្ថានគួរឱ្យត្រេកត្រអាលជាទីបំផុត ៕