បទពិសោធស្ដែងៗ អាចយំមិនចេញ រឿងដើរលេងក្រៅប្រទេសតាម Tour ព្រោះ ៥ យ៉ាងនេះ
សម្រាប់អ្នកដែលមិនធ្លាប់មានបទពិសោធដើរលេងក្រៅប្រទេស ឬ អ្នកដែលមិនពូកែស្រាវជ្រាវ តំបន់ទេសចរណ៍ដោយខ្លួនឯង តែងជ្រើសរើសកញ្ចប់ដើរលេងទៅបរទេសតាមរយៈក្រុមហ៊ុនទេសចរណ៍នានា ។ ទោះក្រុមហ៊ុនរៀបចំឱ្យអ្នកមួយសេតក៏ពិតមែន តែបើមិនបានដឹងពីរឿងរ៉ាវអវិជ្ជមានមួយចំនួន នឹងធ្វើឱ្យអ្នកជួបបញ្ហាល្អក់កករក្នុងចិត្តមិនខាន ។ តទៅនេះ គឺជាបទពិសោធជាក់ស្ដែងរបស់អ្នកស្រី ណារ៉េម ទើបតែមកពីដើរលេងក្រៅប្រទេសតាមក្រុមហ៊ុនទេសចរណ៍ ៖
១. ការជ្រើសរើសក្រុមហ៊ុនត្រូវហ្មត់ចត់បំផុត
ការដើរលេងដល់ក្រៅប្រទេស ហោចណាស់អ្នកត្រូវចំណាយលុយក្នុងម្នាក់ លើសពី ២០០ ដុល្លារ បើទៅកាន់តែឆ្ងាយអស់លុយកាន់តែច្រើន បើជាលក្ខណៈគ្រួសារត្រូវចំណាយរាប់ពាន់ដុល្លារ ។ បើជ្រើសរើសក្រុមហ៊ុនមិនល្អ អ្នកប្រៀបដូចជាចំណាយលុយរាប់ពាន់ដុល្លារ តែមិនសូវបានអីមកវិញទេ ។ ក្រុមហ៊ុនខ្លះ ប្រាប់តែចំណុចល្អៗក្នុងប្រូម៉ូសិន តែជាក់ស្ដែងធ្វើមិនបាន ឬ ផ្លាស់ប្ដូរកម្មវិធីតាមចិត្ត ។ ត្រូវស៊ើបពីអ្នកដែលធ្លាប់មានបទពិសោធ មុនជ្រើសរើសក្រុមហ៊ុនធួរណាមួយ ។
២. អ្នកដែលមានកូនតូច
បទពិសោធជាក់ស្ដែងអ្នកដែលយកកូនតូចខ្លាំងពេកទៅដើរលេងនៅក្រៅប្រទេស នាំឱ្យជួបផលលំបាកច្រើន ។ កូនតូចៗពេកឪពុកម្ដាយ គ្រាន់តែចំណាយពេលលួង ចំណាយពេលបញ្ចុកអាហារ គឺអស់អារម្មណ៍ដើរលេងបាត់ទៅហើយ ជាពិសេសការដើរលេងតាមធួរពេលខ្លះមានការយឺតយ៉ាវក្នុងការដើរទស្សនា ។ ជាហេតុនាំក្មេងតូចៗទាំងនោះ ឃ្លាន ស្រែកយំ ដែលអាចធ្វើឱ្យប៉ះពាល់អារម្មណ៍អ្នករួមដំណើរ ដែលគេគ្មានកូនតូច ។
៣. ប្រុងប្រយ័ត្នបំផុតចំពោះ Tour Leader ឬ Guide ដែលនាំចូលទិញក្នុងហាងផ្សេងៗនៅក្រៅប្រទេស
ករណីនេះ គឺខាងក្រុមហ៊ុនទេសចរណ៍ខ្មែរ និង ក្រុមហ៊ុនទេសចរណ៍ជាដៃគូនៅឯប្រទេសដែលយើងត្រូវទៅនោះ គឺតែងតែរៀបចំតារាងកម្មវិធីឱ្យភ្ញៀវចូលទស្សនាក្នុងហាងលក់ទំនិញ ដែលគ្មានអ្វីត្រូវទស្សនាសោះ ពោលគឺគេនាំចូលទិញតែម្ដង ដើម្បីរកប្រាក់ចំណូលជូនប្រជាជនគេ ។ ដូច្នេះបើមានលុយល្មមៗកុំចេះតែទិញតាមការនាំចូល ព្រោះមិនមែននាំមួយហាង ឬ ពីរហាងទេ គឺច្រើនហាងណាស់ ។ ទំនិញខ្លះក៏មានលក់នៅខ្មែរដែរដូចជានាឡិកា ប្រេងកូឡា ប្រេងរិត ឬ ទំនិញផ្សេងៗទៀត ។ ម្យ៉ាងទៀត ការនាំចូលហាងទាំងនោះ បើអ្នកមិនត្រូវការទិញអ្វីទេ គឺប្រាកដជាអផ្សុកធុញថប់ ។ ដូច្នេះពេលកក់ក្រុមហ៊ុនទេសចរណ៍ណាមួយ សូមឆែកមើលតារាងកម្មវិធីផង ។
៤. មុនកក់ត្រូវបញ្ជាក់ឱ្យច្បាស់ពីសមត្ថភាពរបស់អ្នកដឹកនាំភ្ញៀវដើរលេង
ចំណុចនេះពិតជាសំខាន់ ប្រសិនបើអ្នកដើរលេងជាមួយអ្នកដឹកនាំភ្ញៀវដែលមិនមានសមត្ថភាពគ្រប់គ្រាន់ នឹងធ្វើឱ្យអ្នកម៉េមម៉ាមហើយ រាប់បញ្ចូលតាំងពីកន្លែងឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយ ឬ នៅព្រលានស្រុកខ្មែរ និង ស្រុកគេ ។ អ្នកដឹកនាំភ្ញៀវត្រូវតែជាមនុស្សហ្មត់ចត់ ច្បាស់លាស់ ដឹងព័ត៌មានគ្រប់យ៉ាងបានច្បាស់ល្អ ហើយគ្រប់គ្រងភ្ញៀបឱ្យបានល្អ ទើបដំណើរកម្សាន្តនោះទទួលបានភាពរីករាយ ។
៥. ការត្រៀមចំណីអាហារផ្ទាល់ខ្លួន
បើទោះបីជាក្រុមហ៊ុនទេសចរណ៍ដែលអ្នកជ្រើសរើស មានអាហារបីពេល តែអ្នកក៏ត្រូវតែត្រៀម ដូចជានំប៉័ង ឬ អាហារកញ្ចប់ផ្សេងៗ ។ ជាក់ស្ដែងពេលវេលាការហូបបាយ មិនទៀងទៅតាមពេលវេលាដែលកំណត់ទេ អាចយឺតយ៉ាវ ដែលបណ្ដាលឱ្យអ្នកឃ្លាន ។ ជាការល្អគួរមាននំ មានទឹក ដាក់តាមកាតាបស្ពាយល្អបំផុត បើទោះបីជាមានការយឺតយ៉ាវទៅលើការទទួលទានអាហារ ដែលក្រុមហ៊ុនរៀបចំ ក៏អ្នកមិនបារម្ភខ្លាំងដែរ ៕